Gallery

ផ្សាយឡើងវិញ៖ រឿងរ៉ាវ​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ ​កាលពី ៤១ឆ្នាំ​មុន…

ដំណឹងដែលចុះ

សំគាល់ៈ ខាងលើ​នេះ ជាសំណៅ​ដើម​របស់​​កាសែត​ “នគរធំ” លេខ​ចេញ​ផ្សាយ​ថ្ងៃទី ១៤ កក្កដា ១៩៧៤ ​​​មាន​ចំណង​ជើង​ធំៗ​ដាក់​ថា «ព្រឹត្តិការណ៍ថ្ងៃទី ៤ មិថុនា ៧៤» ដែល​ខ្ញុំ​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​មួយ។ ដំណឹង​នេះ​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​យក​ព័ត៌មាន​មួយ​រូប​​ឈ្មោះ​ ផាន់ ផេង ដែល​បាន​រៀប​រាប់​យ៉ាង​លំអិត​​អំពី​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា រវាង​​​កង​កំឡាំង​សមត្ថកិច្ច និង​ក្រុម​សិស្ស​​សាលា ១៨មីនា ​ហើយ​នៅ​ក្នុង​ហេតុ​ការណ៍នោះ ក៏​មាន​​​​​ការ​បាញ់​សំឡាប់​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ជាតិ កែវ សង់គីម និង​ទីប្រឹក្សា​ផ្ទាល់​​របស់​លោក គឺ​លោក ថាច់ ជា នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ១៨មីនា​ តែ​ម្តង នាវេលា​រសៀល​ថ្ងៃ​ទី ៤ មិថុនា ១៩៧៤…។

លោក កែវ សង់គីម ដែល​មាន​វ័យ ៤៨ឆ្នាំ និង​លោក ថាច់ ជា មាន​វ័យ ៤៥ឆ្នាំ, ត្រូវ​បាន​សិស្ស​ និស្សិតក្នុង​ទី​ក្រុង​ភ្នំពេញ ទៅ​ព័ទ្ធ​ចាប់​ពី​ក្នុង​ក្រសួង​អប់រំ​ជាតិ យក​ទៅ​ឃុំ​ទុក​​នៅ​ក្នុង​វិទ្យាល័យ ១៨មីនា នៅ​ក្នុង​​​ថ្ងៃទី ៣ មិថុនា គឺ​មុន​ពេល​កើត​ចលាចល​មួយ​ថ្ងៃ ក្នុង​បំណង​ទាម​ទារ​អោយ​មាន​ការ​ដោះលែង​សាស្រ្តាចារ្យ​ចំនួន ៤រូប និង​និស្សិត​ចំនួន ១៥​រូប​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន ​នៅ​ក្នុង​បាតុកម្ម​តវ៉ា​មួយ កាល​ពី​មួយ​សប្តាហ៍​​មុន​​។

ក្រោយហេតុ​ការណ៍ប៉ះ​ទង្គិច​គ្នានេះ​បាន​បញ្ចប់ ខាង​សមត្ថកិច្ច​ប៉ូលីស​ជាតិ​ ទទួល​​​រង​របួស​​តែ​ម្នាក់​គត់។ ឯខាង​ក្រុម​សិស្ស​​សាលាវិញ គឺកូនសិស្ស ២នាក់ ​បាន​ស្លាប់, ៨នាក់​ រង​របួស, និង​ ៤៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន…។

ទោះ​ជា​ព្រឹត្តិការណ៍នោះ ​បាន​កើត​ឡើងនៅ​ក្នុង​សម័យ​សាធារណរដ្ឋ​​ របស់​លោក​សេនា​ប្រមុខ​ លន់ នល់ ​​ដែល​គិត​មក​ដល់​ពេល​នេះគឺ ៤១ឆ្នាំ​​កន្លង​​ផុត​ទៅ​​ហើយ​ក៏​ដោយ ក៏​ព្រឹត្តិ​ការណ៍​​នេះហាក់​ឆ្លុះ​បញ្ចាំង​ពី​ចំណាត់​ការ​ និង​វិធី​ដោះស្រាយ​ ​រវាង​ភាគី​សមត្ថកិច្ច និង​ភាគី​​អ្នក​តវ៉ា ដែល​សុទ្ធ​តែ​មាន​កំហុស​​រៀងៗ​ខ្លួន។ ដោយ​ហេតុ​នេះ ខ្ញុំ​សូម​បន់​ស្រន់​កុំ​អោយ​ហេតុ​ការណ៍​វឹកវរ និង​ការ​បាញ់​សំឡាប់​គ្នា​នេះ កើត​មាន​ឡើង​ជា​ថ្មី​ទៀត ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​របស់​យើង។​

សូម​ជំរាបជូន​​ថា វិទ្យាល័យ​ព្រះយុគន្ធរ មាន​ទីតាំង​ស្ថិត​នៅ​ទល់​មុខ​ពេទ្យ​ចិន (បច្ចុប្បន្ន​ជា​អាគារ​មេម៉ាយ Golden Tower 42)។ ក្រោយ​រដ្ឋ​ប្រហារទំលាក់​​ព្រះបាទ​​សម្តេច​ព្រះ​នរោត្តម សីហនុ, វិទ្យាល័យ​នេះ​ត្រូវ​បាន​ប្តូរ​ទៅ​ជា «លីសេ ១៨មីនា»។ ក្រោយ​ហេតុ​ការណ៍​​ប៉ះ​ទង្គិច​គ្នានៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៧៤ ​នោះ​មក, អ្នក​ខ្លះ​ក៏​​ប្តូរ​ពី​​ហៅ​លីសេ ១៨មីនា ទៅជា «សាលាថាច់ជា កែវសង់គីម» វិញ​ទៅ។ លុះ​ដល់​ក្រោយ​​​ឆ្នាំ១៩៧៩, ​វិទ្យាល័យ​​​ដែល​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​របប​ខ្មែរ​ក្រហម​​មួយ​នេះ ​ក៏​ត្រូវ​​បាន​រៀប​ចំ​ឡើង​វិញ និង​​ប្តូរ​ទៅ​ជា «សាលាបំពេញវិជ្ជា​មជ្ឈឹម»។ ដល់​​ភ្លេច​ត្រចៀក​ក្រោយ​មក​ ក៏​ប្តូរ​ទៅ​​ជា​ឈ្មោះ​ដើម​វិញគឺ «​វិទ្យាល័យ​ព្រះយុគន្ធរ» រហូត​ដល់​សព្វ​ថ្ងៃ​នេះទៅ…។

សូម​​អញ្ជើញ​អស់​លោក​អ្នក មកអាន​​​ដំណឹង​ក្នុង​កាសែត​​ពី​​សង្គម​ចាស់ ដែល​ខ្ញុំ​បាន​វាយ​អត្ថបទ​ឡើង​វិញ​តាម​ដំណៅ​ដើម ដោយ​រក្សា​ទុក​​​នូវ​​ខ្លឹមសារ ឃ្លា​ប្រយោគ និង​របៀប​សរសេរ​តាម​​បែប​ព្យាង្គ​តំរួត​​តាម​ច្បាប់ដើម​​ទាំង​ស្រុង។ ​ចំពោះ​រូបថតវិញ គឺ​រូប​​ស-ខ្មៅ​​​ ​ជា​រូបដើម​របស់​កាសែត​នគរធំ, ឯរូប​ពណ៌​នៅ​ខាង​ក្រោម​អត្ថបទ ជា​រូប​ខ្ញុំ​ថត​ថ្មីៗ​ នា​ដើម​ខែ​កញ្ញា ឆ្នាំ២០១៣ នេះទេ…។

ស្រុកស្រែ

__________________________________​

ព្រឹត្តិការណ៍ថ្ងៃទី ៤ មិថុនា ៧៤

វរជនពីររូប ត្រូវបាត់បង់ជីវិតយ៉ាង​អណោច​អធម្ម នៅវិទ្យាល័យ «១៨មីនា»

ពេលចូលលុកវិទ្យាល័យ ១៨ មីនា

…ម៉ោង ១៥ និង ២៥នាទីថ្ងៃទី ៤ មិថុនា ១៩៧៤ វិទ្យាល័យ ១៨មីនា មាន​កង​ប៉ូលីស​សាធារណរដ្ឋ​ ឥត​ប្រដាប់​អាវុធ ឈរ​យាម​តាំង​ពី​ក្រោយ​ រហូត​ដល់​មួយភាគ​បួន​នៃ​ជ្រុង​​ខាង​ត្បូង​សាលា, សល់​ពី​នេះ គឺ​ជា​ភារៈ​នៃ​កង​អាវុធ​ហត្ថ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​កាន់​អាវុធ។ សកម្មភាព​ពេល​នោះ​ មាន​ការ​ច្របូក​ច្របល់​ណាស់ ត្បិត​សិស្ស​សាលា និង​អ្នក​ទៅ​ឈរ​មើល អាច​ចេញ​ចូល​បាន​ស្រេច​នឹង​ចិត្ត ដោយ​គ្មាន​កង​រក្សា​របៀប​ឃាត់​ឃាំង​ទេ។

នៅមុខវិទ្យាល័យ ១៨មីនា វរជនទាំងពីរនៅតែញញឹមស្រស់ទៅរកយុវជន

លុះ​ដល់​ម៉ោង​ ៣កន្លះ​រសៀល, ក្រុម អ.ហ សំរាប់​ប្រឆាំង​នឹង​បាតុកម្ម​ដែល​ពាក់​មួក.ស បាន​ស្ទុះ​រត់​ពី​ភ្លើង​ស្តុប មក​ឈរ​តម្រៀប​គ្នា​នៅ​​មុខ​វិទ្យាល័យ។ ពួក​នេះ​មាន​ដំបង​ឈើ​លាប​ពណ៌​ខ្មៅ​​មួយម្នាក់​, ខែល​មួយ​ម្នាក់ និង​ខ្លះ​មាន​គ្រាប់​បែក​ផ្សែង​ផង។ បន្ទាប់​មក ក្រុង អ.ហ មួក​ខៀវ​មួយ​ក្រុម​ទៀត ដែល​មាន​ដំបង, ខែល, គ្រាប់​បែក​ផ្សែង​ដូច​ពួក​មុន​ដែរ បាន​រត់​មក​ឈរ​ពីក្រោយៗ។ អ.ហ ទាំង​ពីរ​ក្រុម​នេះ​មាន​គ្នា​ប្រហែល​៥០នាក់​ប៉ុណ្ណោះ។ ចំណែក​ឯ​ខាង​ត្បូង​​មាន អ.ហ ក្រុម​ទី​បី ជា​ក្រុម​ធំ (ខ្ទង់​ពី ៥០ ទៅ ១០០​នាក់) តម្រង់​ជួរ​​ដើរ​តាម​បញ្ជា​មេកើយ​យ៉ាង​ត្រឹម​ត្រូវ តម្រង់​មក​ខាង​មុខ​វិទ្យាល័យ។ ប៉ុន្តែ​ក្រុម​នេះ ឥត​មាន​កាន់​អាវុធ​ដូច​ក្រុម​ប៉ូលីស​សាធារណរដ្ឋ​ដែរ។

នៅពេលថ្ងៃត្រង់

នៅពេលថ្ងៃត្រង់ ទស្សនិកជន​សម្បូណ៍តែ​ក្មេងៗ…

នៅ​ពេល​ដែល​ អ.ហ ទាំង​បី​ក្រុម​មក​ដល់​មុខ​វិទ្យាល័យ សិស្ស​ភាគ​ច្រើន​មាន​ការ​ជ្រួល​ច្របល់រត់​ចេញ​ តែ​ពួក​នោះ​នាំ​គ្នា​វិល​មក​កន្លែង​ដើម​វិញ ដោយ​មក​ពី​ឃើញ​កង អ.ហ នៅ​ស្ងៀម។ អ្នក​កាន់​មេក្រូ​ខាង​សិស្ស​ បាន​បំពង​សម្លេង​ខ្លួន​ថាៈ «បើបងៗ​ប៉េអឹម​ចូល​លុក​នោះ ពួក​ខ្ញុំ​មិន​ធានា​ខុស​ត្រូវ​ចំពោះ​លោក​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​ទេ… ពួក​យើង​​នឹង​តស៊ូ​រហូត​ស្លាប់…»។ សិស្ស​តូចៗ​ ពីថ្នាក់​ទី៦ ដល់​ថ្នាក់​ទី៤ ដែល​មាន​គ្នា​​ប្រហែល​ពីរ​ភាគ​បី​នៃ​សិស្ស​ទាំងអស់ បាន​នាំ​គ្នា​ហ៊ោរ​កញ្ជ្រៀវ ស្រែក​គាំទ្រ​ដល់​អ្នក​និយាយ​មេក្រូ។

នៅ​ម៉ោង ១៥ និង​៣៥នាទី អ.ហ ទាំង​ពីរ​ក្រុម​ក៏​ហក់​ព្រូចូល​ទៅ​ក្នុង​សាលា​ដែល​ចាក់​សោ​ទ្វារ។ ក្រុម​សិស្ស​ឃើញ​ដូច្នោះ នាំគ្នា​រត់​ថយក្រោយ​រប៉ាត់​រប៉ាយ​ម្តង​ទៀត។ ក្រុម អ.ហ ​នាំ​គ្នា​ទៅ​ឈរ​លើ​ទីលាន​បាល់​បោះ​​​ និង​ក្រោម​ដើម​អំពិល​បារាំង ហើយ​មាន​ខ្លះ​កាច់​សោទ្វារ​របង។

«នឹងអារ.ក កុង្សីយ៍​ទាំង​ពីរ​ម្តងបន្តិចៗ…»

ប្រតិកម្ម​របស់​សិស្ស ចំពោះ​ការ​វាយ​លុក​របស់​ អ.ហ នេះ គឺ​ដាក់​មេ​ផាយ ធ្វើ​អោយ​ទិដ្ឋភាព​ក្នុង​សាលា​ មាន​សភាព​​ស្ងាត់​មួយ​ស្របក់។ ក្រោយ​មក​ដោយ អ.ហ ទាំង​ពីរ​ក្រុម​ឈរ​ធ្មឹង​គ្មាន​សកម្មភាព​អ្វី​សោះ, ក្រុម​សិស្ស​ក៏​ចាប់​ផ្តើម​កំរើក​ចិត្ត ចូល​មក​ក្នុង​សាលា​វិញ​លើស​ដើម។

អ្នក​ពាក់​មួក​ហាម​ធំ (រូបព្រួយ​នៅ​ពី​មុខ​លោក កែវ សង់គីម) បាន​ស្រែក​ថា «បើ អ.ហ ចូល​មក​តែ​បន្តិច​ទៀត យើងនឹង​អារ.ក លោក​កុង្សីយ៍ទាំង​ពីរ​បន្តិច… ចូល​បន្តិច​ អារ.ក បន្តិច!..»។ ម្នាក់​ទៀត​​បាន​និយាយ​ស្រែក​មីក្រូ ពី​កន្លែង​ទុក​វរជន​ទាំង​ពីរ​ថា «សុំ​​អោយ អ.ហ ចេញ​ក្រៅ… បើ​នៅ​តែ​ហ៊ាន​ចូល​មក​ទៀត, យើង​នឹង​បោះ​វរជន​ទាំង​ពីរ​រូប​ទៅ​ដី​ជា​មិន​ខាន»។

ជនទាំងពីរនាក់

ជនទាំងពីរនាក់(សញ្ញាព្រួញ) ដែល​ដើរ​កៀក​លោក កែវ សង់គីម និងលោក ថាច់ ជា ជានិច្ច​

ស្ថានការណ៍​ក្នុង​សាលា​មាន​សភាព​តឹង ហើយ​រឹត​តែ​តឹង​ទៅ​ទៀត នៅ​ពេល​ដែល​ឡាន​ទឹក​ ២គ្រឿង បាន​បរ​មក​ឈប់​នៅ​មុខ​ពេទ្យ​ចិន។ ពួក​សិស្ស​នាំ​គ្នា​ស្រែក​អាក្រោស,  ខ្លះ​ជេរ​ម្រ៉ាយ, ខ្លះ​នាំ​គ្នា​ទៅ​លើក​ដុំ​ថ្ម​ធំៗ​​ យកមក​សន្ធប់​ទ្វារ​របង​វិញ ដើម្បី​កុំ​អោយ​ឡាន​ទឹក​ចូល​រួច។ ចំណែក​ឯ​ក្រុម​ អ.ហ​ វិញ ក៏​ឥត​មាន​រារាំង​ក្មេងៗ​ដែរ។ ចំពោះ​ អ.ហ ដែល​ចូល​ក្នុង​សាលា​ហើយ, គឺ​គេ​ជជែក​គ្នា​ជា​មួយ​សិស្ស​ជា​ធម្មតា ថ្វី​ត្បិត​តែ​មុន​នេះ​បន្តិច ពួក​គេ​ត្រូវ​ដុំ​ថ្ម​របស់​កូន​សិស្ស​​ខ្លះ​ទៅ​ហើយ​ក្តី។ អ្នក​កាន់​មេក្រូ​ខាង​សិស្ស បាន​អំពាវ​នាវ​ម្តង​ទៀត​ថា តាម​សេចក្តី​សុំ​របស់​លោក​ ថាច់ ជា, លោក​បាន​សុំ​អោយ​កង​កម្លាំង​របៀប នាំ​គ្នា​ថយ​ចេញ​ពី​សាលា​ជា​បន្ទាន់​ ដើម្បី​ជា​សន្តិសុខ​ដល់​រូប​លោក​ទាំង​ពីរ… ក្រោយ​មក​ទៀត លោក ថាច់ ជា អោយ​អំពាវ​នាវ​ហៅ​មេ​បញ្ជាការ​ អ.ហ ទៅ​ទី​នោះ ទៅ​ជួប​នឹង​រូប​​លោក។ ក៏​ប៉ុន្តែ​គ្មាន អ.ហ ណា​ចេញ​ពី​សាលា និង​គ្មាន​មេ អ.ហ ណា​ព្រម​ឡើង​ទៅ​ជួប​​វរជន​ទាំង​ពីរ​រូប​ខាង​លើ​នោះ​ទេ។ អ្នក​កាសែត​បរទេស​ម្នាក់​ បាន​ពោល​ថា លោក ថាច់ ជា និង​លោក កែវ សង់គីម បាន​សំដែង​ការ​អន់​ចិត្ត​ ចំពោះ​លោក ឡុង បូរ៉េត ពី​រឿង​រដ្ឋាភិបាល​មិន​ព្រម​ដោះ​ស្រាយ​ជា​មួយ​សិស្ស ស្រាប់​តែ​ទៅ​ប្រើ​កម្លាំង​បាយ​ទៅ​វិញ។ លោក​ ថាច់ ជា បាន​ពោល​ថាៈ (តាមសំដី​អ្នក​កាសែត​នោះ) ពេលនេះ​មាន​ខ្មាំង [ឃាតករ] ចូល​មក​លាយ​ឡំ​ហើយ…។

ចលាចល ពភ្លូកក្រុង​ភ្នំពេញ

នៅ​ពេល​ដើរ​ប្រជ្រៀត​ក្នុង​ហ្វូង​កូន​សិស្ស, អ្នក​កាសែត​ពីរ​បី​នាក់​បាន​ឮ​សម្លេង​មួយ ដែល​ធ្វើ​អោយ​គេ​ព្រឺ​ស្បែក «បើវា​គប់​គ្រាប់​បែក​ផ្សែង​មក, យើង​គប់​របស់​យើង​ទៅ​វិញ!»។ គឺ​ជា​សម្លេង​សិស្ស​ពីរនាក់​ឈរ​ដាច់​ពី​គេ ម្នាក់​កាន់​កាតាប​មាន​វត្ថុ​មូលៗ​ពី​ក្នុង និង​ម្នាក់​ទៀត​ មាន​អ្វី​មួយ​ទុលៗ​ នៅ​ត្រង់​ចង្កេះ។ សិស្ស​ម្នាក់​បាន​ពោល​ថា ចរចាគ្នា​បាន​សំរេច​ហើយ, ព្រោះ​នៅ​ម៉ោង​បួន​រសៀល សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ នឹង​​យាង​មក​ធ្វើ​ជា​សាក្សី​នៃ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​សងខាង។ ​

ក៏​ប៉ុន្តែ​ពេល​នោះ ម៉ោង ៤ ​និង ១០នាទី​ស្រេច​ទៅ​ហើយៗ​ពួក​សិស្ស​តូចៗ បែប​រមាស់​ដៃ​ពេក ព្រោះ​ឃើញ អ.ហ ឈរ​មិន​​ព្រម​កំរើក​ខ្លួន​សោះ។ គឺ​ក្នុង​រយៈ​ពេល​នេះ​ហើយ ដែល​រឿង​រ៉ាវ​ធំ​បាន​កើត​ឡើង…។

ម៉ោង ៤, ១២នាទី មាន​មនុស្ស​មួយ​ចំនួន​ បាន​គប់​ដុំថ្ម​មួយៗ ចេញ​ពី​ហ្វូង​សិស្ស​​មក​លើ អ.ហ ទាំង ៥០នាក់, បើ​ទោះ​ជា​សិស្ស​ធំៗ ស្រែក​ឃាត់​យ៉ាង​ណា​ក៏​អត់​ស្តាប់។ សិស្ស​ដែល​រមាស់​ដៃ ឃើញ​ឳកាស​ហុច​អោយ​ដូច្នេះ ក៏​គប់​ដែរ។ ក្រុម​សិស្ស​ខ្លះ​ដែល​ឈរ​ពាំង​កុំ​អោយ​គេ​គប់ អ.ហ ឃើញ​​ថ្ម​ច្រើន​ពេក​ក៏​ដក​ខ្លួន​ថយ។ ឯ​ក្រុម អ.ហ ក៏​ដូច​គ្នា​ដែរ គឺ​ទ្រាំ​មិន​បាន​នឹង​ដុំ​ថ្ម និង​ដំបង ក៏​រត់​ផ្លោះ​រប​ង​ចេញ​មក​ក្រៅ​វិញ ដោយ​គ្មាន​តដៃ​នឹង​ក្រុម​សិស្ស​ទេ។ ក្រុម​សិស្ស​ទើប​នឹង​មាន​ជោគ​ជ័យ​ថ្មីៗ សប្បាយ​ណាស់ ស្រែក​ហ៊ោរ​កញ្ជ្រៀវ​អោយ​ទ្រហឹង ហើយ​បាន​បន្ត​ការ​គប់​ដុំ​ថ្ម​ទៅ​លើ​ឡាន​ អ.ហ, ឡាន​ទឹក, និង​ក្រុម​ អ.ហ ទីបី​ឥត​អាវុធ ដែល​សុទ្ធ​នាំ​គ្នា​បើក​ឡាន​រត់​ និង​រត់​បាតជើង ស ព្រាត។ លុះ​ទៅ​ដល់​ភ្លើង​ស្តុប ទើប​បាន​ពួក អ.ហ ធ្វើ​ការ​វាយ​តប (Contre attaque) បក​វិញ ដោយ​បាញ់​រះ​ប្រាវៗ ឡើង​លើ។ ក្រុម​សិស្ស​ ដល់​ពេល​បាក់​ទ័ព​វិញ​ម្តង​ហើយ។ ពួក​នោះ​ឮ​កាំភ្លើង​ នាំ​គ្នា​រត់​ប្រសេច​ប្រសាច​​ថយ​ក្រោយ​អស់។ ឯ​ក្រុម​ អ.ហ ក៏នាំ​គ្នា​សម្រុក​​វិញ​ម្តង តែ​មិន​បាន​សម្រុក​ចូល​ទៅ​ក្នុង​សាលា​ទេ គឺ​គេ​សម្រុក​តាម​ផ្លូវ​មុខ​វិទ្យាល័យ ពី​ជើង​ទៅ​ត្បូង។ គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់ បាន​ហើរ​ចូល​មក​ក្នុង​បរិវេណ​វិទ្យាល័យ ផ្ទុះ​ផេសផស ហុយ​ផ្សែង​ទ្រុប មាន​ពណ៌​លឿង, ក្រហម, ស…។ សិស្ស​ដែល​នៅ​ក្នុង​សាលា​ក៏​ដក​ថយ រត់​ចេញ​តាម​ចំហៀង និង​តាម​ក្រោយ​សាលា។

ស្នូរ​កាំភ្លើង​ខាង​ក្រៅ​ក៏​លាន់​ពីរ​បី​ប្រាវ​ទៀត ទើប​គេ​ឮ​សម្លេង​បុ័ងៗ!… ប្រហែល​ជា​បួន​ប្រាំ​គ្រាប់ លាន់​ឮ​ឡើង​នៅ​កន្លែង​អាគារ​ដែល​សិស្ស​បាន​ឃុំ​ឃាំង​លោក​ កែវ សង់គីម និង​លោក ថាច់ ជា ។ អ្នក​ខ្លះ​នឹក​ថា ប្រហែល​ជា​សិស្ស​បាញ់​ត​ជា​មួយ​ពួក​ អ.ហ ទេ​មើល​ទៅ។ តែ​ការពិត គឺ​ពេល​នោះ​ហើយ​ដែល​ក្រុម​ឃាតករ បាន​បាញ់​សម្លាប់​វរជន​ទាំង​ពីរ​រូប។ ស្រប​នឹង​ពេល​បាញ់​លាន់​ឡើង​នៅ​លើ​អាគារ​ឃុំឃាំង​លោក​រដ្ឋមន្រ្តី, ពួក​សិស្ស​ខ្លះ​ដែល​មិន​ទាន់​រត់​ចេញបាន​នាំ​គ្នា​វាយ​តុកៅអី ឆូងឆាំងៗ ។ សិស្ស​ទាំង​នោះ​ប្រហែល​នឹក​ស្មាន​ថា គ្នា​ឯង​ខាង​លើ​បាញ់​តប៉េអឹម​ហើយ ទើប​ខំ​វាយ​តុ​អោយ​បាន​សម្លេង​សន្ធាប់​ច្រើន។ ប៉ុន្តែ​វាយ​តុ​បាន​តែ​មួយ​ភ្លែត បែប​រាង​ភ័យ ក៏​នាំ​គ្នី​គ្នា​​ស្រែក​អោយ​​បោះ​ដំបង និង​ដុំ​ថ្ម​ចោល ដើម្បី​រត់​ចេញ​ទៅ​ក្រៅ​របង។

ដោយ​ខ្លាច​មាន​ការ​បាញ់​ប្រហារ​គ្នា អ្នក​កាសែត​ដែល​នៅ​ក្នុង​សាលា​ខ្លះ និង​ក្រុម​សិស្ស​ខ្លះ ក៏​ផ្លោះ​របង​ខាង​ជើង​ចេញ​មក​ក្រៅ​វិញ, ពេល​នោះ​មាន​ជន​ស៊ីវិល​ម្នាក់ ត្រូវ​គ្រាប់​ធ្លាយ​ពោះហើយ​នៅ​រត់​បាន​ទៀត។ ទិដ្ឋភាព​ត្រង់​ផ្លូវ​ខាង​ក្រៅ គឺ​ពួក​ អ.ហ ឈរ​ត្រៀម​នៅ​ត្រង់​ភ្លើង​ស្តុប​កាច់​ជ្រុង​ខាង​ជើង, ឯ​កូនសិស្ស​ ឈរ​ត្រៀម​នៅ​កាច់​ជ្រុង​ខាង​ត្បូង។ ឡានទឹក ១គ្រឿង បើក​មក​ឈប់​ចំ​កណ្តាល​ផ្លូវ​បែក​ជា​បួន ហើយ​រៀប​ចំ​ទុយោ​​ទឹក ​បាញ់​​តែ​​ទៅ​លើ​មេឃទាំង​ទទីសទទាស ព្រោះ​ទប់​ទុយោ​មិន​ជាប់ ឬ​ក៏​មក​ពី​ម៉េច​ក៏​មិន​ដឹង។ ឯ​កូន​សិស្ស​ គ្មាន​ប្រឡាក់​ទឹក​មួយ​ដំណក់​ទេ។ មនុស្ស​ម្នា​ដែល​រត់​មក​ពី​ខាង​លិច​សាលា បាន​ពោល​ថា «គេរំដោះ​យក​លោក ថាច់ ជា ចេញ​តាម​ទ្វារ​ក្រោយ​បាន​ហើយ តែ​ត្រូវ​របួស​ធ្ងន់ ឥឡូវ​ដឹក​ទៅ​ពេទ្យ!…»។

សពលោក ថាច់ ជា

សពលោក ថាច់ ជា ដែលដំកល់នៅក្រសួង​ការពារ​ជាតិ

ពេល​នោះ​ក្រុម​សិស្សបាន​ចាប់​ផ្តើម​វាយ​បក​ពួក​ អ.ហ ម្តង​ទៀត ដោយ​គប់​ដុំថ្មមក​ព្រោង​ព្រាត។ ក្រុម អ.ហ ខ្លះក៏​គប់​ដុំ​ថ្ម​ទៅ​វិញ, ខ្លះ​គប់​គ្រាប់​បែក​ផ្សែង… សិស្ស​ម្នាក់​រើស​គ្រាប់​បែក​ផ្សែងគប់​មក​វិញ ធ្វើ​អោយ អ.ហ រើស​គ្រាប់​បែក​ដដែល​នោះ គប់​បង្វិល​ទៅ​វិញ​ដែរ។ មាន​ អ.ហ ម្នាក់​កាន់​រ៉ឺវ៉ុលវែរ បាញ់ផ្ទោកសំដៅ​ហ្វូង​កូន​សិស្ស​ដ៏​ខ្នាប់, និង​ម្នាក់​ទៀត​​កាន់​ប៉េអាកុល បាញ់​ផ្ទោក​ដូច​គ្នាតម្រង់​ទៅ​រក​កូន​សិស្ស ដែល​កំពុង​គប់​ដុំ​ថ្ម​ចេញ​ពី​ក្នុង​វិទ្យាល័យ។ គ្រាប់​រ៉ឺវ៉ុលវែរទាំង​ប៉ុន្មាន​នោះ ប្រាកដ​ជា​មាន​ត្រូវ​មនុស្ស​ជា​មិន​ខាន, តែ​គ្រាប់​ប៉េអាកុលដែល​បាញ់​ទៅ​ក្នុង​សាលា​វិញ ដូច​ជា​ឥត​ត្រូវ​ទេ ព្រោះ​ឃើញ​មនុស្ស​រត់​ត្រុយ​អស់។ សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​ អ.ហ ទាំង​ពីរ​រូប​បាញ់​តម្រង់​មនុស្ស អ.ហ ម្នាក់​ទៀត​ដែល​នៅ​ជិត​នោះ បាន​ស្រែក​ឃាត់​យ៉ាង​ម៉ឹង​ម៉ាត់​ថា «កុំបាញ់អញ្ចឹងៗ… ប្រយ័ត្ន​ត្រូវ​គ្នា!…»។ បើ​គ្មាន​ការ​ឃាត់​ខ្លាំង មិន​ដឹង​ជា អ.ហ ទាំង​ពីរ​បាញ់​ស្លាប់​សិស្ស​អស់​ប៉ុន្មាន​នាក់​ទេ…។

សពលោក កែវ សុងគីម

សពលោក កែវ សង់គីម ដែលដំកល់​នៅ​ក្រសួង​ការពារ​ជាតិ

ហ្វូង​សិស្ស​ត្រូវ​បាក់​ទ័ព​ទៅ​វិញ​ជា​លើក​ចុង​ក្រោយ ដោយ​មក​ពី​ក្រុម អ.ហ បាញ់​បង្អើល​ខ្លាំង​ពេក។ នៅ​ពេល​ដែល​ពួក អ.ហ សម្រុក​មក​ដល់​បរិវេណ​សាលា​ជុំ​គ្នា​ហើយ គេ​ឃើញ​មនុស្ស​ម្នាក់​ចង​អាវ ស នឹង​ដំបង ហើយ​គ្រវី​តាម​របៀប​សុំ​ចុះ​ចាញ់ នៅ​ត្រង់​បន្ទប់​ឃុំឃាំង​វរជន​ទាំង​ពីររូប ព្រម​ទាំង​ឮ​សម្រែក​ថា «ជួយ​ផងៗ!…»។ ខ្លះ​នឹក​ថា ប្រហែល​ជា​លោក កែវ សង់គីម មិន​ទាន់​ស្លាប់​ទេ​មើល​ទៅ។ រួច​អ្នក​កាសែត​ខ្លះ, ក្រុម​សម្ងាត់​ខ្លះ ក៏​ស្ទុះ​សម្រុក​រត់​សំដៅ​ទៅ​កាន់​បន្ទប់​​អាស្ទាវ​ដែល​ឃុំ​លោក​រដ្ឋមន្រ្តី។ ប៉ុន្តែ​អនិច្ចា! ពេល​ទៅ​ដល់​ជិត​បន្ទប់​ គេ​បាន​ប្រាប់​ថា លោក កែវ សង់គីម ស្លាប់​ហើយ! ហើយ​គេ​កំពុង​សែង​សព​លោក​ចុះ​មក​ក្រោម​ ចេញ​តាម​ទ្វារ​មុខ។ សម្លេង​ទ្រហោរយំ និង​សម្លេង «អាឃាតករ! ពួកអាឃាតករ!» របស់​នារី​ម្នាក់​ក៏​លាន់​ឮ​ឡើង។ នារី​នោះ​ក៏​ត្រូវ​គេ​គ្រាហ៍​​ចុះ​មក​ដែរ ហើយ​ឮ​ថា ត្រូវ​ជា​សាច់​​ញាតិរបស់​លោក កែវ សង់គីម និង​ជា​ភ្នាក់ងារ​កាសែត​ជប៉ុន​មួយ។ រង្វង់​មុខ​លោក កែវ សង់គីម ឡើង​ស្លាំង និង​ញញឹម​ស្ងួត។ ខ្លួន​លោក​ប្រឡាក់​ឈាម​ដាបសឹង​ពាស​ពេញ និង​ស្រក់​តក់ៗ មួយ​ចប់​តាម​ផ្លូវ ដែល​គេ​សែង​​លោក​យក​​មក​ដាក់​ឡាន។

ក្រុមសិស្សត្រូវថ្មោងវិញម្តង

ពេល​នោះម៉ោង ៤ កន្លះ​ហើយ។ សម្លេង​កាំភ្លើង​នៅ​តែ​លាន់​សូរ​ប្រាវៗ តទៅទៀត ជួន​នៅ​ខាង​លិច, ជួន​នៅ​ខាងជើង និង​ខ្លាំង​ជាង​គេ គឺ​នៅ​ខាង​ត្បូង​វិទ្យាល័យ។ យុវសិស្ស​ជា​ច្រើន​នាក់​ដែល​ក្រុម អ.ហ ចាប់​បាន សុទ្ធ​តែ​ត្រូវ​ទទួល​ការ​វាយ​តប់ ថ្វី​ត្បិត​តែ​មេ​បញ្ជាការគេ ស្រែក​ឃាត់​យ៉ាង​ណា​ ក៏​ឃាត់​មិន​ទាន់​ដែរ។ តាមមើល ទំនងគឺ អ.ហ ទាំង​នោះ​មាន​ការ​គុំគួន​នឹង​ក្រុម​សិស្ស​ដែល​គប់​ពួក​ខ្លួន​ កាល​ពី​ពេល​នៅ​ក្នុង​វិទ្យាល័យ។ ភ្នាក់​ងារ​សម្ងាត់​ម្នាក់ បាន​កាន់​ប៉េអាកុល​ដេញ​បាញ់​​កូន​សិស្ស​យក​តែ​មែន​ទែន​តែ​ម្តង (នៅ​ជ្រុង​ខាង​ត្បូង ​ឆៀងខាង​កើត​សាលា)។ អ.ហ ម្នាក់​បាន​ប្រាប់​អ្នក​កាសែត​ថា «អ្នក​បាញ់​ហ្នឹង មិន​មែន​ពួក​ខ្ញុំ​ទេ គឺពួក​ដឺបេ (2B) ខាង​ទាហាន»។ ប៉ុន្តែ​កាយវិការ​ឃោរឃៅ​ទាំង​ប៉ុន្មាននោះ ត្រូវ​​ពួក​អ្នក​កាសែត​អន្តរជាតិ​ ថត​បាន​ទាំងអស់…៕​​

______________________________________

បច្ចុប្បន្នភាព​នៃ​វិទ្យាល័យ ព្រះយុគន្ធរ

ក្លោងទ្វារ​ខាងមុខវិទ្យាល័យ ព្រះយុគន្ធរ

ក្លោងទ្វារ​ខាងមុខវិទ្យាល័យ ព្រះយុគន្ធរ

ទីធ្លាខាងក្នុង

ទីធ្លាខាងក្នុង

ខាងមុខនោះ គឺ​ស្តុប​ពេទ្យចិន

មហាវិថីព្រះមុនីវង្ស ហើយខាងមុខនោះ គឺ​ស្តុប​ពេទ្យចិន

របងវិទ្យាល័យខាងជើង

របងវិទ្យាល័យខាងជើង ដែលស្ថិត​នៅ​ជាប់​ដង​មហាវិថីព្រះសីហនុ

ក្លោងទ្វារខាងក្រោយ ច្រកខាងលិច

ក្លោងទ្វារខាងក្រោយ ច្រកខាងលិច

ទីធ្លាខាងក្នុង

ទីធ្លាខាងក្នុង (មើល​ពីច្រកខាងលិច)

859 Responses to ផ្សាយឡើងវិញ៖ រឿងរ៉ាវ​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ ​កាលពី ៤១ឆ្នាំ​មុន…

  1. ឪពុកខ្ញុំដែលធ្លាប់ដឹង (ឬអាចធ្លាប់ប្រឡូកផងមិនដឹង) រឿងនេះ ហាមខ្ញុំដាច់ខាតដោយចាក់សោបន្ទប់ខ្ញុំពីខាងក្រៅកាលឆ្នាំ១៩៩៧ មិនឱយចេញទៅបាតុកម្មនឹងគេ។

    យ៉ាងណាក៏ដោយរឿងនេះក៏មានកត់ត្រាទុកដោយផ្នែកនៅក្នុងសៀវភៅរឿងមួយដែលខ្ញុំភ្លេចចំណងជើង (តួស្រីឈ្មោះ សេរីនី តួប្រុសឈ្មោះ រិទ្ធិវុធកូនទាហានស័ក្តិធំម្នាក់) ធ្វើឱយខ្ញុំចាប់អារម្មណ៍ជាខ្លាំង។

    អរគុណពូដែលបានស្រាវជ្រាវឯកសារមកចែកគ្នាមើល រំលឹកឡើងវិញ។

  2. កត់សំគាល់ដោយឡែកពី​ប្រធានបទថា របៀបនៃការសរសេរអត្ថបទកាសែតសម័យនោះ ហាក់ដូចជាប្រលោមលោករឿងមួយអ៊ីចឹង គឺខុសពីទម្រង់ព័ត៌មានឬដំណឹងនៃសម័យនេះ។ បងគិតចឹងទេ?

    • បាទ, ត្រូវ​ហើយឧត្តម…។ ​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ គឺ​ចំណុច​នេះ​ឯង។ ទឹកដៃ​សរសេរ​របស់​អ្នក​​សារព័ត៌មាន​​សម័យ​មុន គឺ​ពិត​ជា​មាន​កំរិត​ខ្ពស់​​មែន។ ឯ​អ្នក​សរសេរ​​ដំណឹងព័ត៌មាន​សម័យ​​យើង​នេះ គឺ​អាន​ទៅ​​អត់​មាន​ជាតិ​ជៅ​អី​បន្តិច​សោះ..!!..

      • បាទ! គឺអានទៅ ក៏ចូលតួរទៅនឹងគេដែរ បើសកម្មភាពក្នុងអត្ថបទថាម៉េច នៅក្នុងខួរក្បាលក៏ឃើញថាដូច្នោះមែន បើថាក្មេងរត់ គឺឃើញក្មេងរត់ បើគេបាញ់ គឺបាញ់ បានន័យថាអ្នកអានដូចជាកំពុងនៅក្នុងហេតុការណ៍នោះដែរ។ ពិតជាទឹកដៃខ្ពស់មែន។

        • នៅត្រង់កន្លែង​ដែល​រៀបរាប់​ពី​ក្រុម​ឡាន​ទឹក ទាញ​​ទុយោ​​​មក​បាញ់​ទាំង​​​ទទីស​ទទាស​ ធ្វើ​អោយទឹក​​បាញ់​តែ​ឡើង​លើ អត់​មាន​​​ទទឹក​​កូនសិស្ស​អី​បន្តិច​សោះ… ពេលខ្ញុំ​​អាន​ទៅ គឺ​ដូច​ឃើញ​ទិដ្ឋភាព​នោះ នៅ​នឹង​មុខៗ.. ហើយ​ត្រង់​កន្លែង​ ឃើញឈាម​ស្រក់​តក់ៗ មួយចប់​ផ្លូវ… គឺ​ពេល​អាន​មក​ដល់​ត្រង់​នេះ ខ្ញុំ​ហាក់​ដូច​ជា​ឃើញ​ស្នាម​ឈាម​ បាន​​ស្រក់​នៅ​លើ​ឥដ្ឋ​ការ៉ូ នៅតាម​ជណ្តើរ​សាលា និង​នៅ​លើដី រហូត​ទៅ​ដល់កន្លែង​លើក​គាត់​ដាក់​ឡាន​ពិត​មែន…។​

      • បើអត្ថបទឥលូវ អ្នកសរសេរច្រើនតែលើកឡើងពីអារម្មណ៍ខ្លួនឯង ឧទាហណ៍ថា ជនសង្ស័យសម្លាប់ស្រីម្នាក់ ជាម្តាយខ្លួនឯង ក៏តាំងបញ្ចេញបញ្ចូលថា ជននោះជាកូនអកតញ្ញូ ជាកូនអប្រិយ នឹងចុះនរក១៨ជាន់ ឬសមត្ថកិច្ចត្រូវតែចាប់ឲ្យបាន​ឲ្យឆាប់បំផុតត្រូវតែកាត់ទោសឲ្យធ្ងន់អីជាដើមអ៊ីចឹងទៅ។ ក្នុងអត្ថបទមួយនោះ អ្នកនិពន្ធដើរតួរជាមហាជនផង ជាប៉ូលីសផង ជាតុលាការផង ទាំងជននោះនៅត្រឹម ជាជនសង្ស័យនៅឡើយ ហើយកាយវិការទាំងនេះ គឺពួកអ្នកនិយាយដំណឹងពេលព្រឹកៗចូលចិត្តប្រើជាងគេ។ ពិតជាគ្មានវិជ្ជាជីវៈបន្តិចសោះ!

        • បើ​និយាយ​ដល់​​ក្រុម​ «​កំពូលអ្នក​អត្ថាធិប្បាយ» តាម​ទូរទស្សន៍​ទៀត គឺនិយាយ​លែង​ចេញ​ហើយ… :-D ​​

          • មិនមែននិយាយលែងចេញទេ តែខ្ជិលនិយាយព្រោះវាច្រើន ចំណុចពេកដែល ពិបាកត្រចៀក ម្ល៉ោះហើយក៏ខ្ជិលស្តាប់ យូរៗទៅ ទៅជាស្អប់ ឱយតែឃើញបិទ ទូរទស្សន៍ចោលតែម្តង។

          • បងឯងបើកហ្វេសបុកមើល៍ ខ្ញុំបានភ្ជាប់បងទៅទីបញ្ចេញមតិរបស់បងម្នាក់ពាក់ព័ន្ធនឹងប្រកាសបង។ ប្រហែលអាចជាពន្លឺបន្ថែមទៀតក្នងរឿងខាងលើ

          • អរគុណឧត្តម និង​អរគុណ​ដល់ សុរិយវង្ស ទេវ័ន្ត ដែល​បាន​ផ្តល់​យោបល់​​នៅ​ហ្វេសប៊ុក។ ខ្ញុំ​មិន​មាន​យោបល់​អី​បន្ថែម​ទៀត​ទេ ព្រោះ​អត្ថបទ​នៅ​ក្នុង​ប្រកាស​របស់​ខ្ញុំ​មួយ​នេះ គឺ​គ្រាន់​តែ​ជា​ដំណឹង​​​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត​នគរធំ ​ក្នុង​សម័យ​នោះ​តែ​ប៉ុណ្ណោះ។ ពេល​នេះ ខ្ញុំ​មិន​ហ៊ាន​វែក​ញែក​ថា​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ…។

            ដូច​ខ្ញុំ​បាន​ជំរាប​នៅ​ក្នុង​កំណត់​សំគាល់​ពី​ខាង​ដើម​រួច​ហើយ​ថាៈ «ព្រឹត្តិ​ការណ៍​​នេះ ហាក់​ឆ្លុះ​បញ្ចាំង​ពី​ចំណាត់​ការ​ និង​វិធី​ដោះស្រាយ​ ​រវាង​ភាគី​ខាង​​សមត្ថកិច្ច និង​ភាគី​​អ្នក​តវ៉ា ដែល​សុទ្ធ​តែ​មាន​កំហុស​​រៀងៗ​ខ្លួន ហើយ​ខ្ញុំ​សូម​បន់​ស្រន់​កុំ​អោយ​ហេតុ​ការណ៍​វឹកវរ និង​ការ​បាញ់​សំឡាប់​គ្នា​នេះ កើត​មាន​ឡើង​ជា​ថ្មី​ទៀត ​នៅ​ក្នុង​សង្គម​កម្ពុជា​​​យើង​​អោយ​សោះ…​»។

  3. Pingback: មើលពីមុំមួយ «យុវជនខ្មែរថ្មី មេរៀនអតីតកាល គួរកុំគូរមុនគិត» | ទេវ័ន្ត

  4. លោកពូ ផ្សាយឡើងវិញ ម្តេចក៏កូពីបានទាំងខំមិនចាស់មកជាមួយផង?

  5. You get a lot of respect from me for writing these helpful areslcti.

  6. Жаль, что сейчас не могу высказаться – нет свободного времени. Вернусь – обязательно выскажу своё мнение.

    ебут учителей врачей кончают на сиськи и соски трусы вдвоем или потрогал попу рассказ

  7. mu7573 http://sildenafil.party/ cheap viagra next day delivery ug3498lb328 lloyds pharmacy viagra

  8. uo8943 http://fastpharmacy.men/ buy online prescription viagra nk4779go6240

  9. lr5784 http://fastpharmacy.men/ brand name viagra no prescription gl711xh2631

  10. buy viagra online no prescription canada levitra ve3427