Gallery

ប្រវត្តិ និង​រឿងរ៉ាវ​នានា ទាក់​ទង​នឹង​ការ​បោះឆ្នោត​​នៅ​​ស្រុក​ម្តាយខ្ញុំ…

សំគាល់៖ អត្ថបទនេះ ខ្ញុំសរសេរឡើងទាក់​ទង​នឹង​​ជុំវិញហេតុការណ៍​​បោះ​ឆ្នោត​​ក្នុង​ឃុំខ្ពប​មួយ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំងពី​ទិដ្ឋភាព​ទូទៅ​នៃ​ឃុំនានា​ដទៃ​ទៀត ដែល​ CPP ចាញ់​សំលេង​ឆ្នោត CNRP ឡើយ…។ ភាពឈ្នះ-ចាញ់ គឺ​អាស្រ័យ​ដោយ​កត្តា​ច្រើន​យ៉ាង តែនៅ​ឃុំ​ខ្ពប ខ្ញុំ​រក​ឃើញ​ភាពឈ្នះ-ចាញ់ តែ​ប៉ុន្មាន​ចំនុច​ដែល​​ខ្ញុំ​បាន​សរសេរ​រៀប​រាប់​​ត្រួសៗ នៅ​ក្នុង​អត្ថបទ​នេះ…

_________________

អស់​លោក​អ្នក​ប្រាកដ​ជា​ជ្រាប​​ហើយ​ថា ម្តាយ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ឃុំខ្ពប ដែល​ជា​ឃុំ​មួយ​នៃ​ស្រុក​ស្អាង​ ខេត្តកណ្តាល។ កាល​ពី​ក្នុង​សម័យ​ ប៉ុលពត គ្រប់​គ្រង, ឈ្មោះ​ឃុំ​ខ្ពប គឺត្រូវ​បាន​រក្សា​ទុក​​អោយ​នៅ​ដដែល តែ​ពួក​គេ​បាន​ដូរ​ឈ្មោះ​ស្រុក និង​លុប​ឈ្មោះ​ខេត្ត អោយ​ទៅជា​ស្រុក ២០ តំបន់ ២៥ ភូមិភាគ​នារតី វិញ…។

ព័ត៌មាន​ដែល​ខ្ញុំ​ប្រមូល​បាន​មកនេះ មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន។ ដូចនេះ ប្រសិន​បើ​មានសាក្សី​រស់​ដឹង​ច្បាស់​​ពី​សាវតា​ពិត​ ខ្ញុំរីក​រាយ​នឹង​កែ​តំរូវ ដើម្បី​អោយ​អត្ថ​បទ​មួយ​នេះ កាន់​តែ​មាន​ភាព​សុក្រឹត​ថែម​ទៀត…។

ប្រវត្តិនៃ​ក្រុម​កម្មាភិបាល​ដឹកនាំ​ឃុំខ្ពប…

ក្រោយ​ពេល​ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ១៩៧៩ អ្នក​ស្រុក​នៅ​ចាំ​​ឈ្មោះ​​​កម្មាភិបាលពីររូប ដែល​គ្រប់​គ្រង​ឃុំ​ខ្ពប​គឺ៖

  1. សមមិត្ត គង់ ជិត (ហៅតា អឿង) ជា​គណៈឃុំ
  2. សមមិត្ត ងន ឬ តាងន ជា​ប្រធាន​យោធា​ឃុំ

កម្មាភិបាល​ទាំង​ពីរ​រូប​នេះ គ្រប់គ្រង​ឃុំ​ខ្ពប ក្នុង​រវាង​ចន្លោះ​ពី​ឆ្នាំ១៩៧៩ មក​ដល់​ខ្ទង់​ឆ្នាំ១៩៨៣ ទើប​មាន​ការផ្លាស់​ប្តូរ​ទំរង់​នៃ​ការ​ដឹក​នាំ​ឃុំ ដែល​មាន​ការ​បែងចែក​ភារកិច្ចគ្នា​ច្បាស់​លាស់។ ក្រុម​កម្មាភិបាល​ដែល​បាន​ដឹកនាំ និង​គ្រប់​គ្រង​ឃុំ​ខ្ពប ជំនាន់​ទីពីរ​នេះ មាន​សមាសភាព​ដូច​ខាង​ក្រោម៖

  1. សមមិត្ត សួស សុខ (ស្លាប់) ជាប្រធាន​គណៈកម្មាធិការ​ប្រជា​ជន​បដិវត្ត​ឃុំ
  2. សមមិត្តនារី សុខ បុល ជាអនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដវត្តឃុំ
  3. សមមិត្ត អ៊ីវ ត្រាយ ជាសមាជិក ទទួល​បន្ទុកយោធា
  4. សមមិត្ត ទី សារឿន ជាសមាជិក ទទួល​បន្ទុកនគរបាល
  5. សមមិត្ត ផេង ឬតាផេង (ស្លាប់) ជាសមាជិក ទទួល​បន្ទុកសេដ្ឋកិច្ច

សមមិត្ត សួស សុខ ឬតាសុខ បាន​កាន់​តំនែង​ជា​មេឃុំ ក្នុង​រវាង​ចន្លោះ​ពីឆ្នាំ១៩៨៣ ដល់​ឆ្នាំ១៩៨៥ ឬ១៩៨៦ (អត់ច្បាស់) ក៏​ទទួល​មរណភាពដោយ​ជំងឺ​ទៅ ដែល​ធ្វើ​អោយ​អនុ​ប្រធាន​គាត់ គឺសមមិត្តនារី សុខ បុល ឬយាយបុល បាន​ឡើង​ជាប្រធាន​គណៈកម្មាធិការប្រជាជន​បដិវត្ត​ឃុំ​ខ្ពប ចាប់​ពី​ពេល​នោះ រហូត​មក​ដល់​​ថ្ងៃ​ដែល​អ្នកស្រុក​បោះ​ឆ្នោត​ទំលាក់គាត់ កាល​ពី​ថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧​ នេះ…។ ដូច្នេះ លោកយាយ សុខ បុល ជាមេឃុំខ្ពប ជំនាន់​ទី៣ ដែលកាន់​អំនាច​បាន ៣១ ឬ ៣២ឆ្នាំ..!!..

តើនរណាជា​មេឃុំខ្ពប ជំនាន់ទី៤ ជំនួស​តំនែងមេឃុំ​បច្ចុប្បន្ន?…

ផ្អែក​តាម​លទ្ធផល​​បណ្តោះ​អាសន្ន នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អណត្តិ​ទី៤ និង ​យោង​ទៅ​លើ​បញ្ជីរាយ​នាម​បេក្ខជន​របស់​គណបក្ស​នយោយបាយ មេឃុំ​ខ្ពប​ជំនាន់​ទី៤ នេះ​ មាន​ប្រវត្តិ​សង្ខេប​ដូច​ខាង​ក្រោម៖

  • នាមត្រកូល និងនាមខ្លួនៈ សុខ ម៉ានិត
  • ភេទៈ ប្រុស
  • ថ្ងៃ ខែ ឆ្នាំកំនើតៈ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៦៣
  • ទីលំនៅបច្ចុប្បន្នៈ នៅភូមិរកាលើ
  • មកពីគណបក្សៈ CNRP
  • ឪពុកឈ្មោះ សួស សុខ (ស្លាប់) ជាអតីតមេឃុំ​ខ្ពប ជំនាន់​ទី២
  • កំរិតវប្បធម៌ៈ (អត់ដឹង)
  • បទពិសោធន៍ការងារៈ ជាជំទប់ទី១ ឃុំខ្ពប ក្នុង​អណត្តិទី៣ មកពី​គណបក្ស​សម រង្ស៊ី
  • ជាអតីត​នគរបាល​ប្រយុទ្ធ (ប៉ូលីស A3) ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ក្រោយ​មក​ត្រូវ​បាន​រដ្ឋ​អំនាច​ចាប់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ក្នុង​ “ចលនាសេរីការ” ប្រឆាំង​នឹង​រដ្ឋាភិបាល។ ក្រោយ​ពេល​​ដោះ​លែង​ពី​ពន្ធនាគារ ក្នុង​សម័យ​អ៊ុនតាក់ ក៏​ចាប់​ផ្តើម​ចូល​ប្រលូក​ក្នុង​ឆាក​​នយោបាយ ​​នៅ​ក្នុងក្រុម​​បក្ស​ប្រឆាំង តាំង​ពី​ពេល​នោះ រហូត​មក​ដល់​សព្វថ្ងៃ។ បច្ចុប្បន្ន​ជាតំនាងគណបក្ស​សង្រ្គោះជាតិ​ ប្រចាំ​ឃុំខ្ពប…។​
  • មាន​បងប្រុសបង្កើតម្នាក់​ឈ្មោះ សុក សំណាង ក្នុង​ប្រវតិ្ត​រូប​ កើត​ថ្ងៃ ០១ មករា ១៩៦៣ (កើតឆ្នាំ១៩៦៣ ដូចគ្នា) បាន​បែក​ចេញ​ពី​បក្ស​សង្រ្គោះ​ជាតិ ដោយ​ទៅ​ចូលរួម​​ក្នុង​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)  របស់​លោក ខឹម វាសនា ​និង​បាន​ឈរ​ឈ្មោះ​លំដាប់​លេខរៀង​ទី២ នៅ​ក្នុង​ឃុំ​ខ្ពប​ដែរ…។

ដូច្នេះ លោក សុខ ម៉ានិត ជា​កូន​ប្រុស​​អតីត​មេឃុំខ្ពប ជំនាន់​ទី២ ដែល​នឹង​ត្រូវ​ស្នង​តំនែងបន្ត​​ពី​ឪពុក​របស់​គាត់ កាលពី ៣១ ឬ ៣២ឆ្នាំមុន…។

លទ្ធផល​បោះឆ្នោត កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧…

ពិនិត្យ​ទៅលើ​​ទីតាំង​ភូមិសាស្រ្ត​ និង​ការ​បែង​ចែកដែនដី​គ្រប់​គ្រង​​រដ្ឋបាល គឺឃុំខ្ពបទាំង​មូល​មានភូមិ​ទាំង​អស់​ ១០ ក្នុងនោះ ៩ ភូមិ ជាដីគោក និង ១ ភូមិ ជាដី​កោះ។

ផ្អែកតាម​ទិន្នន័យ​របស់ គជប ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៧ នេះ ឃុំខ្ពប​ត្រូវ​បាន​បែងចែងជា ១៨ ការិយាល័យ​បោះឆ្នោត និង​មាន​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​​​ចំនួន ៤ គណបក្ស ។ ឯលទ្ធផលបណ្តោះអាសន្ន ​មាន​ដូច​ខាង​ក្រោម៖

  1. សន្លឹកឆ្នោតបានការ​សរុបចំនួន ៦,៣២៣ សន្លឹក (មិនមាន​ទិន្នន័យ​សន្លឹក​ឆ្នោត​មិន​បាន​ការ)
  2. សន្លឹកឆ្នោតដែល​គណបក្សនីមួយៗ ទទួលបាន​រួមមាន៖
    • គណបក្សសង្រ្គោះជាតិ ទទួលបាន ៣,៤០៧ សំលេង
    • គណបក្សប្រជាជនកម្ពុជា ទទួល​បាន​ ២,៤៩៦ សំលេង
    • គណបក្សសំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួល​បាន ២៩៩ សំលេង, និង
    • គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ១២១ សំលេង
  3. លទ្ធផល​នៃ​ការបែងចែក​អាសនៈ​សំរាប់​គណបក្សនីមួយៗ នឹង​បាន​ដឹង ក្នុង​ពេល​ដំនាល​គ្នា​នឹង​ការ​ប្រកាស​​លទ្ធផល​បោះ​ឆ្នោត​​ជា​ផ្លូវ​ការ…

យោង​តាមលទ្ធផល​​ខាង​លើ CPP បានចាញ់​សំលេងឆ្នោត CNRP ​ដល់ទៅ ៨ភូមិ រួមមានៈ ភូមិឫស្សីស្រុក ភូមិខ្ពបលើ ភូមិខ្ពបក្រោម ភូមិរកាលើ ភូមិរកាក្រោម ភូមិបឹងខ្ពប ភូមិដំរីឆ្លង និង​ភូមិកោះថ្មី​។ មាន​ភូមិតែពីរគត់ ដែល​នៅឆ្ងាយពីទន្លេ គឺភូមិព្រៃទទឹង និង​ភូមិត្នោតញី បាន​បោះឆ្នោត​គាំទ្រ CPP ដែល​ធ្វើ​អោយ CPP ឈ្នះ​សំលេង​ឆ្នោត CNRP នៅ​ភូមិ​ពីរ​នេះ…។

kpop

មូលហេតុ​ដែល​ CPP ឈ្នះនៅ​ភូមិព្រៃទទឹង និង​ភូមិត្នោតញី…

នៅ​កៀក​នឹង​ថ្ងៃ​​បោះឆ្នោត​បាន​មក​ដល់ លោកអភិបាល​ខេត្ត​កណ្តាល​ ម៉ៅ ភារុណ បាន​ចុះ​ទៅ​ជួប​សំនេះសំនាល​ផ្ទាល់​​ជាមួយប្រជាពលរដ្ឋ​នៅ​ភូមិព្រៃទទឹង…។ ប្រជាពលរដ្ឋ​បាន​សំនូមពរ សុំ​ផ្លូវលំ​មួយ​ខ្សែ​ដែល​បែក​ចេញ​ពី​ទន្លេ (ផ្លូវជាតិ​លេខ 21B) កាត់​តាម​ភូមិ​បឹងខ្ពប ភូមិដំរីឆ្លង ភូមិព្រៃទទឹង និង​ភូមិត្នោតញី ដល់​ព្រំប្រទល់​ភូមិព្រែកស្លែង នៃឃុំ​តាលុន ព្រោះ​កំនាត់​ផ្លូវ​នេះ លំបាក​ធ្វើ​ដំនើរ​បំផុត​នា​រដូវវស្សា​ម្តងៗ…។ លោកអភិបាល​ខេត្តកណ្តាល​ ក៏​បាន​ឯកភាព​​ និង​សន្យា​ប្រកប​ដោយ​មោទនភាព​​ថាៈ «…បើទោះ​​ប្រជាពលរដ្ឋ​នៅ​ភូមិនេះ មិន​គាំទ្រ​គណបក្ស​ប្រជាជន​ក៏​ដោយ ក៏​ខ្ញុំ​នឹងនៅតែ​​ផ្តល់​​ផ្លូវ​មួយ​ខ្សែ​នេះ ជូន​ទៅ​ប្រជា​ពល​រដ្ឋ​នៅ​ទី​នេះ​ដែរ…»។

ក្នុងអំលុង​ពេល​ជជែក​សំនេះ​សំនាល​គ្នា​រវាង​​ចៅហ្វាយ​ខេត្ត និង​ប្រជាពលរដ្ឋ​​យ៉ាង​ស្និទ្ធ​ស្នាល​នេះ ស្រាប់​តែ​លោកយាយ​មេឃុំ សុខ បុល ​​បាន​និយាយបន្ទរ ​​សំដៅ​បន្ទោស​ទៅ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្តាប់៖ «…មក​ពី​ប្រជាពលរដ្ឋ​ឆ្កួត មិនដើរ​តាម​ខ្ញុំ ចឹង​អោយ​ដើរ​លុយ​ភក់​ទៅ..!!..»​។ ភ្លាមៗនោះ លោក​ ម៉ៅ ភារុណ ក៏បាន​និយាយ​កាត់ឡើង៖ «…យាយឈប់​និយាយ… ប្រជាជន​អត់​ឆ្កួតទេ!… គឺ​យាយទេ​​ដែល​ឆ្កួត​នោះ..!!..??..»។

ពេលបាន​ឮ​ចៅហ្វាយ​ខេត្ត បន្ទោស​មេឃុំ​ចំៗ​ បែបនេះ ប្រជាពលរដ្ឋ​ចូល​រួម​ទាំង​អស់ ក៏​នាំគ្នាទះដៃ​គាំទ្រ​ប្រាវ…។ រួច​នៅ​​ពេលដែល​អ្នក​ស្រុក​ទំលាក់​សន្លឹក​ឆ្នោត​ទៅ​ក្នុង​ហិបឆ្នោត ​ទើបបាន​​ដឹង​ថា ​ប្រជាពលរដ្ឋ​​ភូមិព្រៃ​ទទឹង និង​ភូមិត្នោត​ញីភាគ​ច្រើន​ ពេញ​ចិត្ត​ផ្តល់​ការ​គាំទ្រ​ទៅ​ខាង CPP..!!..

គិត​ទៅ ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទី​ជន​បទ ត្រូវ​អនុវត្ត​យ៉ាង​ម៉េច​អោយ​​​បាន​ចំគោលដៅ មាន​តំលាភាព និង​គ្មាន​អំពើ​ពុករលួយ​ពី​សំនាក់​អាជ្ញាធរ​ភូមិ ឃុំ គឺ​ប្រជាពលរដ្ឋ​នឹង​គាំទ្រជានិច្ច…។​

មេភូមិ​ត្នោតញី ជាមនុស្ស​សកម្ម…

ក្នុង​ចំនោម​មេភូមិ​ទាំង​ ១០ ក្នុង​ឃុំ​ខ្ពប គឺមាន​មេភូមិ​ត្នោត​ញីម្នាក់ ដែល​សកម្ម និង​លេច​ធ្លោ​ជាង​គេ​ក្នុង​កិច្ចការ​បំរើ​ប្រជាពលរដ្ឋ​មិន​រើស​មុខ នៅ​ក្នុង​ភូមិ​របស់​គាត់។ មេភូមិ​រូប​នោះ​​ឈ្មោះ ស៊ុំ លេខ ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​រស់​​​នៅ​ឃុំ​ខ្ពប ។ លោកមេភូមិ​រូប​នេះ ក៏​បាន​ឈរ​ឈ្មោះ​នៅ​លំដាប់​លេខរៀង​ទី ៧ ​​នៃ​បញ្ជី​បេក្ខជន CPP ក្នុង​អណត្តិ​នេះ​ដែរ។

មាន​កិច្ចការ​ច្រើន​មុខ ដែល​លោកមេ​ភូមិ ស៊ុំ លេខ បាន​បំពេញ​ជូន​អ្នក​ភូមិ​គាត់​ និង​ថ្នាក់​លើ​របស់​គាត់​។ គិតសព្វៗ​ទៅ តួនាទី​មេភូមិ គឺស្ថិត​នៅ​ចន្លោះកណ្តាល​ រវាង​ញញួរ និង​ទ្រនាប់ៈ នៅ​ពីក្រោម គឺ​ទទួល​ការ​ស្តី​បន្ទោស​ពី​រាស្រ្ត​ក្នុង​ភូមិ​ និងនៅ​ពីលើ គឺទទួលរ៉ាប់​រង​ការ​ងារ​ច្រើន​មុខ​​ពី​មេ​ឃុំ ដោយ​រាប់​ទាំង​ការ​ស្តី​បន្ទោស​ផងដែរ..!!..

ខ្ញុំ​មាន​ការ​ពិបាក​នឹង​រៀប​រាប់​​លំអិត​ពី​គុណ​សម្បត្តិ និង​ភាព​វៃ​ឆ្លាត​រប​ស់​តាមេភូមិ ស៊ុំ លេខ ណាស់​។ ​​តែនៅ​ពេល​នេះ ខ្ញុំ​សុំ​លើក​យក​ឧទាហរណ៍​តូចៗ​ ពីរ​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ពី​ភាព​សកម្ម និង​ភាព​វៀង​វៃ​​របស់​គាត់ តាម​ការ​ដំនាល​ប្រាប់​របស់​អ្នកភូមិ៖

​ដើម្បី​អោយ​ថ្នល់​តាម​បណ្តោយ​ភូមិ ធ្វើ​ដំនើរ​ស្រួល មិន​គ្រលុក មិនបែកភក់​ក្នុង​រដូវ​វស្សា លោកមេភូមិ​ ស៊ុំ លេខ ​បាន​ផ្តួច​ផ្តើម​គំនិត​​ក្នុង​ការ​រក​មូលនិធិ​​ពីសប្បុរសជនជិត​ឆ្ងាយ ជា​ពិសេស គឺកូន​ចៅ​អ្នក​ភូមិ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាដើម ដើម្បី​​ប្រមូល​ថវិកា​យក​មក​ស្ថាបនា​ផ្លូវ​លំ​ក្នុង​ភូមិ ដោយ​ខ្លួន​ឯង ព្រោះ​អង្គុយ​​ចាំ​ថ្នាក់​លើ​ធ្វើ​អោយ មិន​ដឹង​ពេល​ណាទេ…។ ជា​លទ្ធផល ផ្លូវ​នៅ​ភូមិគាត់ ស្អាត​ភ្លឹង​ជាង​គេ ទាំង​ប្រាំង ទាំង​វស្សា ដែល​មេ​ភូមិ​ដទៃៗ​ទៀត ធ្វើ​មិន​បាន​ដូច​គាត់…។ នេះ​ជា​ឧទាហរណ៍​ទី១…។

ឧទាហរណ៍ទី២… គឺមាន​ពេល​មួយ​ លោក​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាន​ចុះ​ទៅ​ដល់​ភូមិ​ត្នោត​ញី របស់តា​​មេភូមិ ស៊ុំ លេខ ។ កាលនោះ លោក​ទេសរដ្ឋមន្រ្តី បាន​សួរ​ទៅ​តាលេខ ថា៖ «តើតា​មេភូមិ​ចង់​បាន​អី?»… តាលេខ ក៏សុំត្រង់​ៗ ទៅ​លោក​ទេសរដ្ឋមន្រ្តី​ថា៖ «ខ្ញុំចង់​បាន​ប្រលាយ​ទឹក​មួយ​ខ្សែ សំរាប់​ប្រជាជន​ខ្ញុំ​ធ្វើស្រែ…​»។ លោកទេសរដ្ឋមន្រ្តី ក៏សួរ​ទៅ​តាលេខ​ទៀត៖ «តាមេភូមិ​គិតមើល អស់​ប៉ុន្មាន?»…។ តាលេខ សំនូម​ពរ​ទៅ​វិញ​ថា៖ «ខ្ញុំ​អត់​ចង់​បាន​លុយ​ទេ ខ្ញុំ​ចង់​បាន​ប្រលាយ​ទឹក… ធើ​ម៉េច​អោយ​តែ​បាន​ប្រលាយ​ទឹក​មក បាន​ហើយ!… បើ​ឯកឧត្តម​ផ្តល់​ជា​សាច់​លុយ​​យក​មក​ជីក​ប្រលាយ​នេះ ខ្ញុំ​សុំ​អត់យក (Cancel) ​វិញ​ល្អជាង​..!!..??..»។ លោក​ទេសរដ្ឋមន្រ្តី ពេញ​ចិត្ត​នឹង​ភាព​ស្មោះ​ត្រង់​របស់​តាលេខ ហើយ​ក៏​អោយ​​គ្រឿង​ចក្រ ចុះ​ទៅ​ជីកប្រលាយ​មួយ​ខ្សែនៅ​ភូមិ​ត្នោត​ញី ដែលប្រលាយ​តាលេខ​ មួយខ្សែ​នេះ បាន​ចំនាយ​ថវិកា​អស់ ១៦ លានរៀល…។

តាមមើល​ទៅ ប្រហែល​ជា​តាលេខ ស្មានដឹង​ជា​មុន​រួច​ទៅ​ហើយថា ប្រសិន​បើ​ប្រគល់​ថវិកា​នេះ​មក​អោយ​ខាង​ឃុំ​ជា​អ្នក​ចាត់​ចែង គឺ​ច្បាស់​ជា​​«សេះផាយទៅ ផាយ​ទៅសេះ!» ​ដូច​​រាល់​ដង​​ទៀតហើយ..!!..

មូល​ហេតុ​ដែល​នាំ​អោយ​ CNRP ឈ្នះ​នៅ​ឃុំ​ខ្ពប​…

«CNRP មិនខ្លាំង​ទេ តែគឺមកពី CPP ខ្សោយ!…» នេះ​ជា​ការវាយ​តំលៃ​របស់​អ្នក​ចាស់​ទុំ​ក្នុង​ភូមិ។ ចំនុច​នេះ ខ្ញុំ​យល់​ស្រប…។

សំរាប់​ឃុំខ្ពបនេះ ខ្ញុំ​វាយ​តំលៃ​ដឹង​តាំងពី​ក្រោយការ​​ចេញ​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ CPP មកម៉្លេះគឺ​ CPP នឹង​បាត់​សំលេង​ឆ្នោតគាំទ្រ…។ និយាយ​អោយ​ចំគឺ​ CNRP ច្បាស់​ជា​ឈ្នះ ដោយសារ​តែ​បេក្ខជន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ខាង CPP គឺ​ឈ្មោះ សុខ បុល..!!..

ហេតុម៉េច​បាន​ជា​ខ្ញុំ​ហ៊ាន​អះអាង​បែបនេះ?… គឺព្រោះ​តែ​​ចង់​ដឹង​ពី​តំរុយ​ខ្លះមុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​មក​ដល់​ ខ្ញុំ​បាន​ដើរ​កាត់​ភូមិ​មួយ​ត្រួស និង​បាន​ចូល​ផ្ទះ​សមាជិក​ CPP មួយ​ចំនួន​ផងដែរ​…។ ជា​លទ្ធផល គឺ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹងការ​ឈរ​ឈ្មោះ​​ឡើង​វិញ របស់​លោក​យាយ​​មេឃុំ សុខ បុល ទាល់​តែ​សោះ ដោយ​ម្នាក់ៗ​ រអ៊ូ​ថា៖ ឆ្ងល់យាយ​ បុល ម៉េចក៏​នៅ​ចង់​អង្គៀម​ដល់​ណា​ទៀត?… ម៉េច​មិន​ទុក​អោយ​គេ​ធ្វើ​វិញ​ម្តង​ទៅ?… រួច​ចុះគណបក្សប្រជាជន​ទៅ​ខ្វះ​អី គ្រូៗ ចូល​និវត្តន៍​​ល្អៗ​ ដែល​អ្នក​ស្រុក​ស្រលាញ់​ម៉ាគំនរ ម៉េចក៏​មិន​អោយ​ឈរ​ឈ្មោះ​​ធ្វើមេឃុំ?…

ខ្ញុំមិន​មាន​ចំលើយក្នុង​រឿង​នេះ​ទេ ដោយ​ខ្ញុំបាន​ត្រឹម​តែ​សួរ​បញ្ច្រាស់​ទៅ​ពួក​គេវិញ៖ ចុះ​ក្រែង​មុន​នឹង​ឡើង​​បញ្ជី​ឈ្មោះ​ទៅលើ គេមាន​វិធីបោះឆ្នោត​សំងាត់ជ្រើស​រើស​បេក្ខភាព​​ដែរតើ?… ប្រហែល​ជា​មាន​សំលេង​គាំទ្រ​ច្រើន​ហើយ ទើប​ខាង​លើ​គេ​សំរេច​បែប​នេះ…។ ពួកគេ​​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ទាំង​ជឿ​ជាក់៖ «…មិន​អាច​ទេ… ព្រោះ​គ្មាន​នរណា​គាំទ្រ​យាយ​ បុល ​​អោយ​ធ្វើ​មេ​ឃុំ​ទៀត​ទេ…។ ​កាល​ពី​ពេល​បោះឆ្នោត​​​ជ្រើស​រើស​ផ្ទៃ​ក្នុង​ពេល​នោះ គេ​មិន​បើក​ហិប​ឆ្នោត​​រាប់​នៅទី​នេះ​​ទេ គេ​ខ្លាច​បែក​បាក់​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​បក្ស ទើប​គេលាក់​ការណ៍… គេយកទៅ​រាប់​នៅ​បក្ស​ស្រុក… ដល់​លទ្ធផល​ចេញ​មក ចេញ​ឈ្មោះ​យាយ បុល នៅ​លេខ​រៀង​ទី១ ដដែល…​ ម្នាក់ៗ អស់​ជំនឿ​ជា​មួយ​ថ្នាក់​លើ… ចឹង​មាន​តែ​បណ្តោយ​អោយ​ “ខាង​គេ” ធ្វើ​មេ​ឃុំ​វិញ​ម្តងទៅ ល្អ​ជាង..!!..»។ នេះ​ជា​មូល​ហេតុ​ធំ​ចំបង និង​ជា​ចំនុច​ «CPP ខ្សោយ» ដែល​នាំ​អោយ​ CNRP ឈ្នះ…។

ឯ​ចំនុច​ដែល​ខ្ញុំ​យល់​ថា «CNRP មិនខ្លាំង» ដោយសារ​ខ្ញុំ​​មើល​ឃើញ​ថា៖ នៅ​ពេល​ដែល​ខាង​លើ​ “រួមបញ្ចូលគ្នា” អ្នក​នៅ​ខាងក្រោមឯនេះ មិនចេះ​តែ​រួម​គ្នា​ដោយ​ស្រួលៗ​នោះទេ…។ ពួកគេមាន​ម្ចាស់​រៀងខ្លួន ព្រោះ​នៅ​ក្នុង​អណត្តិ​ទី៣ ពួក​គេនៅ​ជា​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំនោម​ពីរក្រុម​នេះ នៅ​ពេល​រៀប​ចំបញ្ជី​ឈ្មោះ​តែមួយ គឺ​ច្បាស់​ជា​មាន​ការច្រនែន ​អន់​ចិត្ត រហូត​ឈាន​ទៅ​ដល់​ការ​បែក​បាក់​គ្នាច្បាស់​ណាស់។

ជាការ​កត់​កំគាល់​ ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ប្រឆាំង គឺ​នៅ​តែ​ប្រឆាំង​រហូត កំរ​នឹង​មាន​ចិត្តមក​គាំទ្រ​ CPP ដោយ​ស្មោះ​ស្ម័គ្រ​ណាស់។ ដោយ​បែប​នេះ​ហើយ ទើប​ខ្ញុំ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ប្រឆាំង​ទាំង​នោះ នៅ​ពេល​មិន​ពេញ​ចិត្ត​នឹង​បក្ស​ប្រឆាំងដែល​ខ្លួន​គាំទ្រហើយ គឺ​ច្បាស់​ជានឹង​ទៅ​ចូល​រួម​​ជា​មួយ​​​​បក្ស​ប្រឆាំង​​ផ្សេង​​ទៀត ដើម្បី​ទៅ​​ធ្វើ​ការ​ងារ​ប្រឆាំង​ដដែល..!!.. ជា​ទឡ្ហីករណ៍ អ្នក​ដែលចាក​ចេញ​ពី​បក្ស​សង្រ្គោះជាតិ​នៅឃុំខ្ពប មាន​ខ្លះទៅចូល​រួម​ជា​មួយ​គណ​បក្ស​សំបុកឃ្មុំ របស់​លោក ម៉ម សូណង់ដូ និង​ខ្លះ​ទៀត​ ក៏​ទៅចូល​រួម​ជា​មួយ​គណបក្ស​សម្ព័ន្ធ របស់​លោក ខឹម វាសនា…។ ឯគណបក្ស​ប្រជាជន​វិញ កុំ​សង្ឃឹម​ថា​ពួក​គេ​មក​ចូល​រួម​ដោយ​ស្មោះ​ស្ម័គ្រ​អោយ​សោះ គឺមាន​តែ​ចូល​មក​បោកស៊ី​តែ​ប៉ុណ្ណោះ..!!..

ដោយសារ​ខ្ញុំ​ជា​អ្នក​នៅក្រៅ​សាច់​រឿង ហើយ​​ក៏​មិនស្គាល់​ក្រុម​​ការងារ​គណៈ “ពង-រឹង” នៅ​ឃុំ​ខ្ពប​សោះ ទើប​ខ្ញុំ​មិន​មាន​​ទិន្នន័យបច្ចុប្បន្នភាព នៃ​ចំនួន​សមាជិក​ទាំង ៤ គណបក្ស​ មុនការបោះឆ្នោត យក​មក​ធ្វើ​ជា​អំនះ​អំនាង​នៅ​ពេល​នេះ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​ទិន្ន័យមួយ​ចំនួន​ដែល​ខ្ញុំ​បាន​កត់ត្រា​ទុក ​​​ទាក់​ទង​នឹង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ តាំង​ពី​អណត្តិ​ទី១ ឆ្នាំ២០០២ ដល់​អណត្តិទី៣ ឆ្នាំ២០១២ ដើម្បី​រក្សា​ទុក​ជា​ឯកសារ​នៅ​ទីនេះ…។

ទិន្នន័យ​មួយ​ចំនួន ទាក់​ទង​នឹងការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​នៅ​ឃុំខ្ពប ដែល​មានចំនួន ៩ អាសនៈ…

លទ្ធផលបោះឆ្នោតអណត្តិទី១ ឆ្នាំ២០០២ មាន​ដូច​ខាង​ក្រោម៖

  1. សន្លឹកឆ្នោតដែល​បាន​បោះ​សរុបចំនួន ៤,៧១៩ សន្លឹក, ក្នុងនោះ៖
    • សន្លឹកឆ្នោតបានការសរុបចំនួន ៤,៥៦៨ សន្លឹក
    • សន្លឹកឆ្នោតមិនបាន​ការ​សរុប​ចំនួន​ ១៥១ សន្លឹក
  2. សន្លឹកឆ្នោតបានការ​ ដែល​គណបក្សនីមួយៗ ទទួលបាន​រួមមាន៖
    • គណបក្សប្រជាជនកម្ពុជា ទទួល​បាន​ ២,៩៨៩ សំលេង
    • គណបក្សសម រង្ស៊ី ទទួលបាន ៩០៩ សំលេង, និង
    • គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ៦៧០ សំលេង
  3. គណបក្សនយោបាយ​ដែល​ទទួល​បាន​អាសនៈ រួមមាន៖
    • គណបក្សប្រជាជន​កម្ពុជា ទទួលបាន ៦ អាសនៈ ក្នុងនោះ​ទទួល​បាន​តំនែង​ជាមេឃុំ
    • គណបក្សសម រង្ស៊ី ទទួល​បាន ២ អាសនៈ និង​ទទួួល​បាន​តំនែង​ជំទប់​ទី១
    • គណបក្សហ្វុនស៊ិនប៉ិច ទទួល​បាន​ ១ អាសនៈ និង​ទទួល​បាន​តំនែង​ជំទប់​ទី២

លទ្ធផលបោះឆ្នោតអណត្តិទី២ ឆ្នាំ២០០៧ មាន​ដូច​ខាង​ក្រោម៖

  1. សន្លឹកឆ្នោតដែល​បាន​បោះ​សរុបចំនួន ៨,៥៥០ សន្លឹក, ក្នុងនោះ៖
    • សន្លឹកឆ្នោតបានការសរុបចំនួន ៥,៧៦៣ សន្លឹក
    • សន្លឹកឆ្នោតមិនបាន​ការ​សរុប​ចំនួន​ ៨៦ សន្លឹក
  2. សន្លឹកឆ្នោតបានការ​ ដែល​គណបក្សនីមួយៗ ទទួលបាន​រួមមាន៖
    • គណបក្សប្រជាជនកម្ពុជា ទទួល​បាន​ ៣,៧១៧ សំលេង
    • គណបក្សសម រង្ស៊ី ទទួលបាន ១,៧៣៩ សំលេង
    • គណបក្សនរោត្តមរណឫទ្ធិ ទទួលបាន ១៤៧ សំលេង
    • គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ១១៧ សំលេង, និង
    • គណបក្សហង្ស ដារ៉ា ចលនាប្រជាធិបតេយ្យ ទទួលបាន ៤៣ សំលេង
  3. គណបក្សនយោបាយ​ដែល​ទទួល​បាន​អាសនៈ រួមមាន៖
    • គណបក្សប្រជាជន​កម្ពុជា ទទួលបាន ៦ អាសនៈ ក្នុងនោះ​ទទួល​បាន​តំនែង​ជាមេឃុំ និង​ជំទប់​ទី១
    • គណបក្សសម រង្ស៊ី ទទួល​បាន ៣ អាសនៈ និង​ទទួួល​បាន​តំនែង​ជំទប់​ទី២

លទ្ធផលបោះឆ្នោតអណត្តិទី៣ ឆ្នាំ២០១២ មាន​ដូច​ខាង​ក្រោម៖

  1. សន្លឹកឆ្នោតបានការ​សរុបចំនួន ៥,៩៥៦ សន្លឹក (មិនមាន​ទិន្នន័យ​សន្លឹក​ឆ្នោត​មិន​បាន​ការ)
  2. សន្លឹកឆ្នោតបានការ​ ដែល​គណបក្សនីមួយៗ ទទួលបាន​រួមមាន៖
    • គណបក្សប្រជាជនកម្ពុជា ទទួល​បាន​ ៣,០៦៤ សំលេង
    • គណបក្សសម រង្ស៊ី ទទួលបាន ១,៧៤២ សំលេង
    • គណបក្សសិទ្ធិមនុស្ស ទទួលបាន ៩៣៣ សំលេង
    • គណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ៨២ សំលេង
    • គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ៧៦ សំលេង, និង
    • គណបក្សនរោត្តមរណឫទ្ធិ ទទួលបាន ៥៩ សំលេង
  3. គណបក្សនយោបាយ​ដែល​ទទួល​បាន​អាសនៈ រួមមាន៖
    • គណបក្សប្រជាជន​កម្ពុជា ទទួលបាន ៥ អាសនៈ ក្នុងនោះ​ទទួល​បាន​តំនែង​ជាមេឃុំ
    • គណបក្សសម រង្ស៊ី ទទួល​បាន ៣ អាសនៈ និង​ទទួួល​បាន​តំនែង​ជំទប់​ទី១
    • គណបក្ស​សិទ្ធិមនុស្ស ទទួលបាន ១ អាសនៈ និងទទួល​បាន​តំនែង​ជំទប់ទី២

____________________

ចុងបញ្ចប់… «នៅ​ក្នុងគ្រោះមានលាភ!»… :-D

ក្រោយពេលដឹងពី​លទ្ធផល​បឋម​ភ្លាម ប្រមុខ​ដឹកនាំ​បក្ស CPP ក៏បាន​ប្រកាស ទទួល​យក​មេឃុំ​ចាញ់​ការ​បោះ​ឆ្នោត​ទាំង​អស់ អោយ​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​តាម​ក្រសួង​ និង​ស្ថាប័ននានា ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត(sic!) ។ ខ្ញុំមិនហ៊ាន​សើច​យំ​អីទេ គ្រាន់​តែ​គិត​ថា អ្នកអប្រជាប្រីយភាព (មិនដឹង​រក​ពាក្យ​អី​អោយ​សម​រម្យ​ជាងនេះ?) មិន​ត្រឹម​តែមិន​​ទទួល​នូវ​ការ​ស្តី​បន្ទោស​ទេ តែបែរ​ជា​មាន​សំនាង បាន​ឡើង​បុណ្យ​សក្តិ​ថែម​ទៀត..??..!!..

ដល់​ចឹង​ទៅ នាំអោយ​ខ្ញុំ​នឹក​ដល់​សំដី​ ជូ កឺលាង៖ «…នៅ​ក្នុងលាភមានគ្រោះ នៅ​ក្នុង​គ្រោះមានលាភ… លាភ-គ្រោះ​ ស្មើគ្នា…»។

ដំនឹង​ចុងក្រោយ… តាម​រយៈ “ទិតៀន និង​ស្វ័យទិតៀន” លោកយាយមេឃុំ សុខ បុល បានសំរេច​ចិត្តចូល​និវត្ត លាឈប់​ពីការងារ​បំរើ​រាស្រ្ត​ហើយ…។ សូមចូល​រួម​សោកស្តាយផង… តាម​ពិត​លោកយាយ​គួរ​តែ​លា​ឈប់​មុននេះ​បីខែ ទើប​បាន​ត្រូវ​ចំ​កាលៈទេសៈ ព្រោះ​ឳកាសមាស​សំរាប់​អណត្តិ​​ ៥ឆ្នាំ​ខាង​មុខនេះ ​ខាង CPP របស់លោក​​យាយ បាន​បាត់​បង់​​រួច​ទៅ​​ហើយ..!!..??..

សង្ឃឹមថា មេឃុំថ្មី​មក​ពីខាង CNRP នឹងបំរើរាស្រ្តបាន​ល្អ… ធ្វើអោយ​ឃុំមួយនេះ​មាន​ការ​វិវឌ្ឍន៍​រីក​ចំរើន ហើយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំង​អស់ នឹង​រួម​រស់​ជា​មួយ​គ្នា​ដោយ​សុខដុម​រមនា ក្នុង​នាម​ជាតិ​ខ្មែរតែ​មួយ..!!..​

 ស្រុកស្រែ


2 Responses to ប្រវត្តិ និង​រឿងរ៉ាវ​នានា ទាក់​ទង​នឹង​ការ​បោះឆ្នោត​​នៅ​​ស្រុក​ម្តាយខ្ញុំ…

  1. Watch 123movies for free streaming website 123movies 123 movies go movies gomovies gostream go stream

  2. ВНИМАНИЕ!!! Ядекс и отношение к клиентам смотреть всем!!!
    Посмотрел и был в ШОКЕ….
    Вот ссылка на Ютуб
    https://www.youtube.com/watch?v=IdYDpLcuVnA

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>