Gallery

អារាម​វត្ត​ស្បូវរីក, ជា​អតីត​​មន្ទីរ​ពេទ្យ​ប្រចាំ​​សហករណ៍​​លាជ…

ក្នុងឳកាស​បាន​ទៅដល់​អតីត​សហករណ៍លាជ កាល​ពី​មុន​អំឡុង​ពេលបុណ្យ​ចូល​ឆ្នាំ​ខ្មែរ, ខ្ញុំក៏មិនភ្លេច​ចូលថត​អារាម​ព្រះពុទ្ធ​សាសនា​បាន​មួយ​​កន្លែង​ផងដែរ… នោះគឺ វត្ត​ស្បូវរីក ដ៏ចំណាស់ ដែលស្ថិត​ជិត​ទីប្រជុំជន​ស្រុក​ភ្នំក្រវាញ​តែម្តង ។

តាម​ពិតទៅ ប្រកាសមួយនេះ ខ្ញុំគួរតែ​ចុះផ្សាយតាំងពីយូរ… គឺគួរ​តែ​ចុះ​ផ្សាយ​អោយ​ចំ​​ក្នុង​អំឡុង​ខួបឆ្នាំទី៤០ នៃ​មហា​ជ័យជំនះ ១៧មេសា ដ៏មហាអស្ចារ្យ របស់​ពួក​កងទ័ព​រំដោះ ទៅ​លើ​កងទ័ព​របស់​​លោក​សេនា​ប្រមុខ លន់ នល់ ដែលមាន​ចក្រពត្តិអាមេរិក​ជាមេក្លោង​(sic!) :-D …។  តែ​ដោយសារ​ខ្ញុំ​ចង់ស្រាវ​ជ្រាវ​រក​ប្រវត្តិនៃ​ទី​អារាម​នេះ​ កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​គ្រប់​គ្រង ដែល​កាល​ណោះ ពួកគេ​បាន​ប្រែក្លាយ​វត្តស្បូវរីក​​នេះ អោយ​ទៅ​ជា​មន្ទីរពេទ្យ​ប្រចាំ​សហករណ៍លាជ ឬ​ក៏អាច​ជា​មន្ទីរ​ពេទ្យ​ស្រុកភ្នំក្រវាញ នេះតែម្តង ទើបបាន​ជា​ខ្ញុំ​មិន​ដាច់​ចិត្ត​ចុះផ្សាយ​ភ្លាមៗ…។

ទាក់​ទង​នឹង​រឿង​នេះ ​ខ្ញុំ​មាន​ការលំបាកក្នុង​ការ​ស្វែង​​រកប្រភព​ព័ត៌មានណាស់, ជា​ពិសេស​​សាក្សី​រស់ដែល​ធ្លាប់​បាន​មក​សំរាក​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នេះ។ មក​ទល់​សព្វ​ថ្ងៃ, សាក្សី​រស់​បែបនេះ​ គឹ​ខ្ញុំ​រក​មិន​ឃើញ​ទេ…។ អ្វីដែល​ខ្ញុំ​ចង់​ដឹង​ពី​សាក្សី​រស់​នោះ​គឺ តើការ​ប្រែក្លាយ​អារាម​វត្តស្បូវ​រីក អោយ​ទៅ​ជា​មន្ទីរពេទ្យ, ចាប់​ផ្តើម​តាំង​ពី​ពេល​ណាមក?… តើកម្មាភិបាល​ឈ្មោះអីខ្លះ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​​នេះ?… ​និង​ថា តើ​ប្រសិទ្ធភាពនៃ​ការ​ព្យាបាល និងការ​គ្រប់​គ្រង​​នៃ​មន្ទីរ​ពេទ្យមួយ​នេះ ​ប្រព្រឹត្ត​ទៅដោយ​របៀប​ម៉េច?…។ល។​ ​និង​។ល។

ទោះជា​យ៉ាង​ណា ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចុះផ្សាយ​ដោយ​កង្វះ​ព័ត៌មាន​បែបនេះ ហើយ​​ខ្ញុំ​សង្ឃឹមថា នៅ​ពេល​​ទទួល​បាន​ព័ត៌មានទាំង​អស់​នោះ ​ខ្ញុំនឹង​កែ​សម្រួល​ប្រកាស​មួយ​នេះ​តាម​ក្រោយ…។​

សូម​ងាក​មក​និយាយ​ពី​អារាម​វត្ត​ស្បូវរីក​វិញម្តង…។ បរិវេណវត្ត​ស្បូវរីក មាន​សភាព​ធំទូលាយ​ល្អណាស់។ ក្រោយ​ពេល​បញ្ចប់​ការ​​ដើរថតអគារ​ចាស់​ថ្មី​ក្នុង​បរិវេណ​វត្ត​ ទាំង​បែប​ប្រញិប​ប្រញាប់​រួច​មក, ខ្ញុំ​បែរ​ជា​ត្រូវ​​​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ដើរ​ក្រឡឹង​ថតតួ​ព្រះវិហារ​​ទៅវិញ…។​

ព្រះវិហារ​វត្តស្បូវរីក សង់ឡើងពីសសរឈើ ដែល​គិត​មក​ដល់​ពេល​នេះ មានអាយុ​កាល​យូរ​ឆ្នាំណាស់​មក​ហើយ។ អ្វី​ដែល​ជា​ការ​គួរ​អោយ​សោក​ស្តាយ​នោះ​ គឺខ្ញុំ​រក​មើល​កាលបរិច្ឆេទ​នៃ​ការ​សាង​សង់​ព្រះ​វិហារ​នេះ​មិន​ឃើញ​ទេ។​ អាស្រ័យ​ដោយ​កាល​វេលា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ បូក​ផ្សំ​នឹង​​​កង្វះ​ការ​​ថែទាំ ទើប​ធ្វើ​អោយ​​សសរឈើ​​​​ដែល​ស្ថិត​នៅ​​មួយ​ជុំ​ខាង​ក្រៅ​ព្រះ​វិហារ ត្រូវ​បាន​រង​នូវ​ការពុក​ផុយ​ពី​ធម្មជាតិ​ស្ទើរ​តែ​ទាំង​អស់។ គឺ​ព្រះវិហារ​នេះហើយ ដែលអង្គការ​ខ្មែរ​ក្រហម បានប្រែក្លាយ​អោយ​ទៅ​​ជា​អគារ​ស្នាក់​នៅរបស់​​អ្នក​ជំងឺ…។

តាម​ការ​សាកសួរ​ពីព្រះសង្ឃ​មួយ​អង្គ ដែល​មាន​ព្រះជន្ម​ចាស់​វស្សា​ជាង​គេ បាន​អោយ​ដឹង​ថាៈ ក្រៅ​ពី​ព្រះវិហារ, គឺនៅមាន​អគារចាស់ៗ​ពីរបី​ទៀតដែរ ដែល​ពួក​ខ្មែរ​ក្រហម​ ប្រើ​ប្រាស់​ជា​កន្លែងព្យាបាលជំងឺ, កន្លែង​ស្នាក់​នៅរបស់​ក្រុម​គ្រូពេទ្យ និង​កន្លែង​ដាំស្ល​ជាដើម…។ ជា​ការ​គួរ​អោយ​សោកស្តាយ, នៅ​ពេល​ខ្ញុំ​សួរ​ឆ្កឹះ​កកាយ​ពី​រឿងរ៉ាវ​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​នោះ បែរ​ជា​សព្រះ​សង្ឃ​អង្គនោះ ឆ្លើយ​នឹង​​សំណួរខ្ញុំ​ពុំ​រួច…។

ផ្អែកតាម​ផែនទី​រដ្ឋបាល​របស់​​​កម្ពុជាប្រជាធិបតេយ្យ, អតីតសហករណ៍លាជ គឺ​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់​តំបន់២ ក្នុង​ភូមិភាគ​ពាយ័ព្យ។ ដោយសារ​កង្វះឯកសារ​ទាក់​ទង​នឹង​របប​ខ្មែរ​ក្រហម ទើប​ខ្ញុំ​លំបាក​នឹង​ដឹង​ថា តើ​ព្រំប្រទល់​នៃ​តំបន់​នីមួយៗ ក្នុង​ភូមិភាគ​ពាយ័ព្យ មាន​ពី​ត្រឹម​ណាទៅ​ត្រឹមណា​អោយ​ពិត​ប្រាកដ?… ទោះ​ជា​យ៉ាង​ណា បើ​ផ្អែកតាម​ផែនទី​រដ្ឋបាល​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ, ភូមិភាគពាយ័ព្យរួម​មានពីរ​ខេត្ត គឺខេត្តពោធិសាត់ និង​ខេត្ត​បាត់ដំបង។ តែ​បើ​ផ្អែក​តាម​ផែនទី​រដ្ឋបាល​នា​សម័យរាជាណាចក្រ​ទី​ពីរ​យើង​​នេះ​វិញ អតីត​ភូមិភាគពាយ័ព្យ​​រួមមាន​បួន​ខេត្ត គឺ​ខេត្ត​ពោធិសាត់ ​បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

ភូមិភាគពាយ័ព្យ ត្រូវ​បានអង្គការ​ខ្មែរក្រហម​​បែង​ចែក​ជា ៧តំបន់។ ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ ក្រៅពី​ព្រំប្រទល់រវាង​ខេត្តពោធិសាត់ និង​ខេត្តបាត់បង, អង្គការ​ខ្មែរក្រហម បាន​យក​ផ្លូវ​ជាតិ​លេខ៥ ធ្វើ​ជា​ព្រំ​ប្រទល់​តំបន់​តែ​ម្តង។ ខ្ញុំ​នឹង​ដាក់​​ប្រកាស​មួយ​​បន្ទាប់​ពី​ប្រកាសនេះ ដែល​នឹង​បង្ហាញ​ពីដែន​រដ្ឋបាល​​គ្រប់​គ្រង់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយពួកគេ​បាន​ធ្វើការ​បែងចែក​​ប្រទេសអោយ​ទៅ​​ជាភូមិភាគ, តំបន់, និង​ស្រុក​ឡើង​វិញ។ ចំពោះឈ្មោះតំបន់ និងឈ្មោះ​ស្រុក អង្គការ​ខ្មែរ​ក្រហម​និយម​ដាក់​លេខសំគាល់។ ឧទាហរណ៍៖ ខ្ញុំរស់នៅស្រុកស្អាង ខេត្តកណ្តាល។ បើ​កាលពី​ក្នុង​សម័យ​នោះ គឺ​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក២០ តំបន់២៥ ក្នុងភូមិភាគ​និរតី ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​សមមិត្ត ម៉ុក..!!..

ខាងក្រោមនេះ គឺជាទិដ្ឋភាព​ទូទៅ​នៃ​អារាម​វត្តស្បូវរីក ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ កាល​ពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ២០១៥ កន្លងទៅ…

 ស្រុកស្រែ

749 Responses to អារាម​វត្ត​ស្បូវរីក, ជា​អតីត​​មន្ទីរ​ពេទ្យ​ប្រចាំ​​សហករណ៍​​លាជ…

  1. អីយ៉ាស់ ស្មេរកើតទាន់ជំនាន់អាពតដែរ?:D :D

  2. We deitnfiely need more smart people like you around.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមេល​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ។


*

អ្នកអាចប្រើប្រាស់ពាក្យ​គន្លឹះ​និង​ attribute របស់​​ HTML ទាំងនេះបាន៖ <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>