Category Archives: ប្លែកៗ នៅក្រៅប្រទេស

Gallery

ពិធីបុណ្យបង្ហោះគោម និងលយកន្ទោង ​នៅឈៀងម៉ៃ

This gallery contains 33 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​ក្នុង​ពិធីបុណ្យ​បង្ហោះគោម និង​លយ​កន្ទោង ដែល​ភាសា​ថៃ​ហៅថា យីពេង នៅ​ខេត្ត​ឈៀងម៉ៃ ប្រទេស​ថៃ។ ក្នុង​ថ្ងៃ​ពិធីបុណ្យ គឺ​ចំ​ពេល​ភ្លៀង​ធំ ទើប​មិន​បាន​ឃើញ​ការ​ដង្ហែដ៏​ធំ​មួយ នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។ នៅ​ពេល​យប់ មាន​មនុស្សម្នា​មក​ពី​គ្រប់​ទិសទី បាន​ចូល​រួម​ពិធី​បង្ហោះគោម និង​លយ​កន្តោង នៅ​ក្នុង​ទឹក​ទន្លេ​ដែល​ហូរ​កាត់​ក្រុង​ឈៀងម៉ៃ។ គោម​បង្ហោះ​ គឺ​ធ្វើ​អំពីក្រដាស​ស្តើង ហើយ​បញ្ឆេះ​សំរាប់​ដុត មិន​ដឹង​ធ្វើ​ពី​ស្អី​ដែរ​ទេ តែ​មើល​មួយ​ភ្លែត​ទៅ គឺ​ស្រដៀង​នឹង​បង់​ស្អិត។ ចំណែក​កន្ទោង​វិញ គឺ​បាន​រចនា​ច្រើន​​ម៉ូត ច្រើន​បែប លំអ​ដោយ​ផ្កា​ភ្ញី​ចំរុះពណ៌។ ឆ្លង​តាម​ការ​ឃើញ​ជាក់ស្តែង​បែប​នេះ ខ្ញុំ​គិត​ថា នៅក្នុង​ព្រះរាជ​ពិធីបុណ្យបណ្តែត​ប្រទីប​ អកអំបុក  និង​សំពះ​ព្រះខែ​នៅ​ស្រុក​យើង គួរ​តែ​បង្កើត​អោយ​មាន​​ពិធី​បណ្តែត​កន្ទោង​​នៅ​ទន្លេ​បួន​មុខ​ ខាង​មុខ​ព្រះ​បរមរាជ​វាំង​យើង ហើយ​គ្រប់​ខេត្ត​ដែល​មាន​ទន្លេ ស្ទឹង​ហូរ​កាត់ ក៏​គួរ​តែ​ធ្វើ​បែប​នេះ​ដែរ ដើម្បី​ញាំង​អោយ​ព្រះ​រាជ​​ពិធី​បុណ្យ​ជាតិ​របស់​យើង កាន់​តែ​មាន​ភាព​អធឹក​អធម​ថែម​ទៀត និង​ដើម្បី​​​​ជា​ការរួម​ចំណែក ​ជួយ​​​ដល់​វិស័យ​​ទេសចរណ៍​​ជាតិ​​​ផងដែរ។ … Continue reading

Gallery

អារាមមួយ នៅក្នុងក្រុងឈៀងម៉ៃ

This gallery contains 18 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព​ក្នុង​​ទីអារាម​ព្រះពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ​ នៅ​កណ្តាល​​ក្រុង​ឈៀងម៉ៃ​ ប្រទេស​ថៃ ដែល​ខ្ញុំ​មើល​ទៅ ស្រដៀង​នឹង​នៅភូមា​ដែរ…។ ខ្ញុំ​មិន​បាន​ដើរ​សព្វ​ក្នុង​វត្តនេះ​ទេ ព្រោះល្ងាច​ណាស់​ទៅ​ហើយ… ណា​មួយ​ក្នុង​វត្តនេះ មាន​ទីធ្លា​រាង​ចង្អៀត​បន្តិច, ឯ​ឈ្មោះ​វត្ត​ទៀត​សោត ក៏​មិន​ដឹង​ថាឈ្មោះ​​​អីដែរ ព្រោះ​​ឃើញ​មានឈ្មោះ​នៅ​លើ​ក្លោងទ្វារ​វត្ត​ដែរ តែ​ជា​ភាសាថៃ, ហើយ​ខ្ញុំ​ក៏​ភ្លេច ឬមិន​មាន​បំណង​សួរ​ទៅ​ជនជាតិ​ថៃ ដែល​នៅ​ក្បែរ​នោះផងដែរ…។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ គឺមានដូច​ជាសាលា​ធម្មសភា​មួយ ស្ថិតនៅ​ជាប់​របង​វត្តខាង​លិច, ហើយនៅ​ចំ​ពី​ខាង​ក្រោយ​នោះ មាន​​​កូន​​ព្រះវិហារ​តូច​មួយ ដែល​នៅ​តាម​ជញ្ជាំង​ខាង​ក្នុង មាន​បិទ​រូប​ព្រះពុទ្ធ​តូចៗ ជា​ច្រើនអង្គ។ ​នៅ​​ពី​ខាង​ក្រោយ​កូន​​​ព្រះវិហារនេះ​ ឃើញ​មានចេតីយ៍​ពណ៌.ស ដ៏​ធំមួយ ហើយ​នៅ​ចន្លោះ​ចេតីយ៍ធំ និង​ព្រះវិហារ​តូច​នេះ គឺ​មាន​​ចេក​ ១០០ស្និត​ ដល់​ទៅ​ពីរ​ស្ទង ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​​ឃើញ​សោះ​ពី​មុនៗ​មក…៕​​​ ស្រុកស្រែ

Gallery

ព្រះរាជឧទ្យាន “រាជព្រឹក្ស” នៅឈៀងម៉ៃ

This gallery contains 57 photos.

ខាងក្រោមនេះ ជាទិដ្ឋភាព Royal Park Rajapruek ដែលខ្ញុំ​ប្រែថា ព្រះរាជ​ឧទ្យាន រាជព្រឹក្ស នៅខេត្តឈៀងម៉ៃ ប្រទេស​ថៃ ។ ក្រៅពីសួនច្បារពណ៌បៃតងដ៏ត្រជាក់​ភ្នែក អ្វីដែល​ជាការ​ទាក់​ទាញ​បំផុត​សំរាប់​ឧទ្យាន​នេះ​​​គឺ រាជព្រះពន្លា (Royal Pavilion) របស់​ព្រះ​មហាក្សត្រ​ថៃ ស្ថិត​នៅ​កណ្តាល​ឧទ្យាន​​តែ​ម្តង។ នៅ​ក្នុង​ឧទ្យាននេះ ​បាន​អនុញ្ញាត្តអោយ​ប្រទេស​មួយ​ចំនួន មក​សង់ជា​​អ្វី​មួយ ​ដែល​​តំណាង​អោយ​ប្រទេស​របស់​ខ្លួន, ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះគឺ មាន​ទង់​ជាតិ​កម្ពុជា​យើង បង់រវិចៗ​នៅ​ក្នុង​ព្រះរាជ​ឧទ្យាន​រាជព្រឹក្ស​នេះ​ដែរ។ ស្តង់​ប្រទេស​យើង ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ធ្វើ​ដំណើរ​ទៅមក ដែល​​ងាយ​សំគាល់​ដោយ​សារ​មាន​ផ្ទាំង​រូប​ភាព​ប្រាសាទ​អង្គរវត្ត​ដ៏ធំមួយ។ ក្លោង​ទ្វារ​ចូល បាន​រចនា​តាម​ក្បាច់​​បន្ទាយស្រី, ហើយ​មើល​ពី​ផ្លូវ​ធ្វើ​ដំណើរ​ទៅ គឺ​ឃើញ​ចំឡាក់​អប្សរា​ពីរ ដែល​នៅ​ក្បែរ​នោះ មាន​កូន​ប្រាសាទ​អង្គរវត្ត​មួយ ដាក់​នៅ​ក្នុង​ទូរ​កញ្ចក់​គ្រប​ពីលើ។ នៅ​ខាង​ក្រោយ​នោះបន្តិច មាន​ត្នោត​មួយ​ដើម… មើលទៅ​ស្រណោះ​ណាស់…។ តាម​ពិត​ទៅ នៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ឧទ្យាន​នេះ … Continue reading

Gallery

អារាមនៅលើភ្នំសុទេព ខេត្តឈៀងម៉ៃ

This gallery contains 51 photos.

ខាងក្រោមនេះ ជាទិដ្ឋភាពអារាមនៅលើកំពូលភ្នំសុទេព (Doi Suthep) ខេត្តឈៀងម៉ៃ ប្រទេស​ថៃ ដែល​ខ្ញុំ​ថតទុក​ជាឯកសារ នា​ឳកាស​បាន​ទៅដល់​​​​ជាលើក​ដំបូង​របស់​ខ្ញុំ​. ចំពេល​ពិធី​បុណ្យ​បង្ហោះគោម និង​លយកន្ទោង ដ៏​មាន​ប្រជាប្រិយ៍ភាព ដែល​ភាសាថៃ​ហៅ​ថា ​បុណ្យ​យីពេង (Yee Peng Festival)។ ផ្លូវ​​ឡើងទៅ​កំពូល​​ភ្នំ​សុទេព មាន​ភាព​ស្រដៀង​គ្នា​នឹង​ផ្លូវឡើង​ភ្នំ​បូកគោ​របស់​យើង​ដែរ, គ្រាន់​តែ​ផ្លូវ​គេ​មាន​ទំហំ​ធំ​ជាង​យើង​បន្តិច ដោយសារ​តែ​ខាង​ផ្លូវ​ឡើង​មាន​ ២ឡេន​(Lane), ឯខាង​ផ្លូវ​ចុះ មាន​តែ​ ១ឡេន។ នៅ​​ជាប់​ជើង​ភ្នំសុទេព មុននឹង​ដល់​ផ្លូវ​ឡើង មាន​សួន​សត្វ​ដ៏​ធំ​មួយ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សួន​សត្វនេះ គឺជា​សកល​វិទ្យាល័យ​​ឈៀងម៉ៃ…។ ពេល​ឡើង​ទៅ​ដល់​ខាង​លើ កន្លែង​ចត​យានយន្ត, គឺ​ត្រូវ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បន្ត​ទៅ​ទៀត តាម​មធ្យោបាយ​ពីរៈ ទីមួយដោយថ្មើរជើង និងទីពីរ​​ដោយ​ជណ្តើរ​យន្ត (Elevator)។ សំរាប់​ជនបរទេស, ការ​ជិះ​ជណ្តើរ​យន្ត​ គឺ​ត្រូវ​ទិញ​សំបុត្រ​ឡើង-ចុះ ថ្លៃ … Continue reading

Gallery

តាមដងផ្លូវ​ពីបាងកក ទៅឈៀងម៉ៃ…

This gallery contains 30 photos.

ខាងក្រោមនេះ ជា​ទិដ្ឋភាព​តាមដង​​ផ្លូវ​​ពីទីក្រុង​បាងកក ទៅខេត្តឈៀងម៉ៃ ដែល​ថត​ពី​ក្នុង​រថយន្ត​ពេល​កំពុង​ធ្វើ​ដំណើរ​​ ក្នុង​ឳកាស​ខ្ញុំ​ទៅ​លេង​ទីក្រុង​​ទេសចរណ៍​ នៃភាគ​ខាង​ជើង​ប្រទេស​ថៃ ចំពេល​ពិធី​បុណ្យ​​លយ​កន្ទោង កាល​ពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។ ប្រកាស​មួយ​នេះ​ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ផ្លូវ​ថ្នល់​ តាម​រយៈ​ការ​បង្ហាញ​​រូបភាព​ផ្លូវ​​ហាយវ៉េ​បង់លុយ នៅ​ក្នុង​ក្រុង​បាងកក និង​ផ្លូវ​ចេញ​ពី​ទីក្រុង ឆ្ពោះ​ទៅ​តាម​បណ្តា​ខេត្ត​របស់​ប្រទេសថៃ​នេះ គឺ​ខ្ញុំ​គ្មាន​បំណង​នឹង​ចង់​ប្រៀប​ធៀប​​ពី​ការ​រីក​ចំរើន​​របស់​ប្រទេស​ក្បែរ​ខាង​យើង​​​ ជា​មួយ​​នឹង​ប្រទេស​​យើងនោះ​ទេ… ព្រោះ​ថា ប្រទេស​គេ​អត់​មាន​ឆ្លង​កាត់​​របប​ខ្មែរ​ក្រហមសោះ… ឯ​យើង​វិញ… ក្រឯណាដូច​ទើប​ងើប​ពី​អាពត?… ៧៩ មានតែ​បាតដៃ​ទទេ..!!..??.. ហើយ​តាម​ស្មាន​មើល​ទៅ គឺ​ហាហុក​សិប​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​នៅ​តែចងចាំ​ឃ្លានេះ​រហូត ​មិន​ងាយ​ភ្លេច​​​ទេ​មើល​ទៅ, អោយ​តែ​និយាយ​ដល់​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​ម្តងៗ..!!.. សូម​ងាក​មក​និយាយ​ពី​រឿង​ផ្លូវ​ថ្នល់​នៅ​ស្រុក​គេ​វិញ​ម្តង…។ ពេល​ចេញ​ពី​ក្រុង​បាងកក គឺ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយវ៉េ ដែល​មាន​កំពស់ ស្មើ​នឹង​ពាក់​កណ្តាល​​ផ្ទះ​ថ្ម។ ទំរាំ​ផុត​ផ្លូវ​ហាយវ៉េ ត្រូវ​​ឆ្លង​កាត់​បញ្ជរ​បង់​លុយ​បី​កន្លែង អស់​ប្រាក់ ១៦៥បាត។ … Continue reading

Gallery

កំណត់ត្រា ភាគបញ្ចប់៖ វិថី​ឆាយណា​ថោន ​និង​ផ្សារ​ប្រាទូណាម

This gallery contains 15 photos.

ខ្ញុំ​បាន​ទៅ​ដល់​វិថីនៅម្តុំឆាយណាថោន នា​ថ្ងៃ​បាក់រសៀល​ណាស់​ទៅ​ហើយ​…​។ មាន​ផ្នែក​ខ្លះនៅ​​ទីនេះ គឺ​ដូច​គ្នា​ទៅ​នឹង​ម្តុំ​ផ្សារ​អូរឫស្សី​យើង​ណាស់។ អ្វី​ដែល​ទាក់​ចិត្ត​ខ្ញុំ អោយ​​ចង់​​មក​​ឆាយណាថោន​នេះ គឺគ្រាប់​ផ្លែ​កៅឡាក់​លីង… ព្រោះថា គ្រាប់​កៅឡាក់​លីង​នៅ​ឆាយណាថោន​ទីក្រុង​បាងកក មាន​រស់ជាតិ​ឆ្ងាញ់​​មិន​ចាញ់​នៅ​ឆាយណាថោន​ទីក្រុង​សឹង្ហបុរី​ទេ ហើយ​បើ​​​ប្រៀប​ធៀប​ទៅ​នឹង​នៅ​ទីក្រុង​​ហូជីមិញ​វិញ ​គ្រាប់​កៅឡាក់​លីងនៅ​ទីនេះ គឺ​មាន​រសជាតិ​​​ឆ្ងាញ់​ដាច់​តែ​ម្តង…។ នៅ​ឆាយណាថោន​នេះ គ្រាប់​កៅឡាក់​លីងរួច មាន​ដាក់​លក់​តាម​ចិញ្ចើម​ផ្លូវ​ហូរហែ ត្រូវបាន​ខ្ចប់​ដាក់​ក្នុង​ប្រអប់​យ៉ាង​ស្អាត ១គ.ក្រ​ថ្លៃ ២៤០បាត។ បន្ទាប់​​ពី​ទិញ​បាន​គ្រាប់​កៅឡាក់​លីង​រួច​មក ខ្ញុំ​ក៏​តថ្លៃ​ម៉ូតូកង់បី ទុកទុក ​ជិះ​ពី​ឆាយណា​ថោន មក​ស្ថានីយ៍​រថភ្លើង​​អាកាស កីឡាដ្ឋានជាតិ (National Stadium Station)​​ នៃ​ខ្សែ​រថភ្លើង​​ស៊ីលំឡាញ (Silom Line) ​រួច​ក៏​​ទិញ​សំបុត្រ​​សំរាប់​ជិះ​ទៅ​ចុះ​នៅ​​ស្ថានីយ៍​​ព្យាថៃ (Phaya Thai Station) នៃ​ខ្សែ​រថភ្លើង សុខុមវីត​ឡាញ​ (Sokhumvit Line)។ ពីស្ថានីយ៍​កីឡាដ្ឋាន​ជាតិ … Continue reading

Gallery

កំណត់ត្រា ភាគ៧៖ ជ្រុង​មួយ​នៅ​​ក្បែរ​ខាងក្រៅ​​​ព្រះរាជវាំង​ថៃ…

This gallery contains 15 photos.

ខាងក្រោមនេះ គឺជាទិដ្ឋភាព​ជ្រុង​មួយ​នៅ​​ខាងក្រៅៗ ក្បែរ​ព្រះរាជវាំង​ថៃ… ខ្ញុំ​ប្រើ​ពាក្យ​ថា “ក្បែរ​ខាង​ក្រៅ” នេះ គឺ​ដោយ​សារ​តែ​ខ្ញុំ​អត់​បាន​​ទិញ​សំបុត្រ​ចូល​​ទៅ​ដើរ​ទស្សនា​ខាង​ក្នុង..!!.. សំរាប់​​ភ្ញៀវ​ទេសចរណ៍​បរទេស ចង់​ចូល​ទៅ​ទស្សនា​វត្តព្រះកែវ និង​រាជវាំង​ថៃ គឺ​ត្រូវ​ទិញ​សំបុត្រ​ ១សន្លឹក​ថ្លៃ ៤០០បាត… បើ​គិត​ជា​លុយ​ដុល្លា​អាគាំង ដូច​ជា​មិន​ថ្លៃ… តែ​បើ​គិត​ជា​លុយ​បាត​ថៃ គឺ​ថ្លៃ​គួរ​សមដែរ។ ដល់​គិត​ចុះ​គិត​ឡើង​ទៅ ស្តាយ​លុយ… គិត​ចង់​ទុក​លុយ​ ៤០០បាត​នេះ ទិញ​គ្រាប់​ផ្លែ​​កៅឡាក់ ​នៅ​ឆាយណា​ថោន​ (China Town) ញាំវិញ បាន​​ឆ្ងាញ់​មាត់​គ្រាន់​បើ​ជាង។ ណា​មួយ​​នៅ​​ថ្ងៃ​ខ្ញុំ​ទៅ​នោះ មាន​អ្នក​ទេសចរណ៍​​សំរុក​ចូល​ទៅ​ទស្សនា​វាំង​ច្រើន​ពេក ទើប​ធ្វើ​អោយ​ខ្ញុំ​​មិន​ចង់​ចូល ជា​ហេតុ​ធ្វើ​អោយ​​​​ខ្ញុំ​​​​​អត់​មាន​រូប​ថត​ក្នុង​​វាំង និង​វត្ត​ព្រះកែវ យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​…។ ពេល​ចេញផុត​​ពី​របង​​វាំង មក​នៅ​លើ​ដង​ផ្លូវ​​​នោះ​ហើយ ដែល​ខ្ញុំ​មាន​ឳកាស​បាន​ជិះ​ម៉ូតូ​កង់​បីម៉ាក ទុកទុក (Tuk Tuk) ដើរ​មើល​វត្ត​ថៃ … Continue reading

Gallery

កំណត់ត្រា ភាគ៦៖ វត្ត Benchamabophit ​នៅទីក្រុង​បាងកក…

This gallery contains 12 photos.

ដូចខ្ញុំ​បាន​ជំរាប​ជូន​ពី​ភាគមុន​នេះ​រួច​ហើយ​ថា វត្ត Benchamabophit (បញ្ចាបពិត្រ ឬ បញ្ចាបព៌ត?) ដែលរូបភាព​នៃ​​វត្តនេះ ​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​ម្ខាង​ប្រាក់កាក់​ ៥បាត របស់​ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន។ វត្តដ៏​មាន​ប្រជាប្រិយ​ភាព​មួយនេះ មានទីតាំង​ស្ថិត​នៅតាម​​ដង​​​មហាវិថី Si Ayutthaya (ស្រីអាយុធ្យា?) ខណ្ឌ Dusit (តុសិត?) ក្រុងបាងកក។ បរិវេណ​វត្តនេះ ត្រូវ​បាន​បែង​ចែក​ជា​ពីរគឺ៖ មួយផ្នែកខាង​​ព្រះវិហារ​ ដែល​នៅ​ប៉ែក​ខាង​ក្រោយ​ហ៊ុំ​ព័ទ្ធ​ដោយ​​ជញ្ជាំង​ថែវ ហើយ​នៅ​តាម​បណ្តោយ​ថែវ​ជញ្ជាំង​ជុំ​វិញ​​នោះ ​មាន​តំកល់​​ពុទ្ធ​បដិមា​បុរាណ​ជា​ច្រើន​ប្រភេទ​។ ផ្នែក​នេះ​​ត្រូវ​បាន​​រៀប​ចំ​ឡើង សំរាប់​បើក​ទ្វារ​​​​ទទួល​ភ្ញៀវ​ទេសចរណ៍​​អោយ​ចូល​ទស្សនា ដោយ​​លក់​សំបុត្រ​​​សំរាប់​ជន​បរទេស ១សន្លឹក​ថ្លៃ ២០បាត។ ឯ​មួយ​ផ្នែក​ទៀត ជា​​កន្លែង​សំរាប់​ព្រះសង្ឃ​​គង់​នៅ​ក្នុង​វត្តនេះ​ រួមមាន​កុដិ ទី​កន្លែង​គោរព​​សក្ការៈ​បូជា និង​ទីធ្លា​សួន​ច្បារ​​ជាដើម ហើយ​ផ្នែក​ពីរ​នេះ ត្រូវ​បាន​ខ័ណ្ឌ​ចែក​ដោយ​សួន​បាញ់​ទឹក​មួយ។ ចំណែក​សាលាឆាន់​វិញ ខ្ញុំ​រក​មើល​ដែរ តែ​ដូច​ជា​មិន​ឃើញ​សោះ។ … Continue reading

Gallery

កំណត់ត្រា ភាគ៥៖ វត្តពោធិ ​នៅទីក្រុង​បាងកក…

This gallery contains 21 photos.

វត្តពោធិ (Wat Pho or Po) មានទីតាំង​នៅ​ក្បែរ​ព្រះ​រាជវាំង​ថៃ… គឺ​នៅ​ជាប់​របង​​ខាង​ក្រោយ ខណ្ឌ​ដោយ​ផ្លូវ​ម្ខាង​ម្នាក់​។ វត្តដ៏​ចំណាស់​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ដោយ​សារ​​តែ​ទីតាំង​​នៃ​វត្ត​នេះ ស្ថិត​នៅ​​ក្បែរ​ព្រះរាជវាំង​ស្រាប់​ និង​​មាន​​​វត្ត​ព្រះកែវ​ដ៏ល្បីល្បាញ​​នៅ​ក្បែរ​នោះ​ទៀត​ ហើយ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ចៅប្រាយ៉ា ទល់​មុខ​នឹង​វត្តពោធិ​នេះ​ដែរ គឺមាន​​វត្តអរុណ (Wat Arun) ដែល​កំពូល​ចេតីយ៍​នៃ​វត្តនេះ បាន​ចាំង​ឆ្លុះ​ស្រមោល​​មក​ក្នុង​ទឹក​ទន្លេ​ដ៏​ល្អក់វល់​​នេះ​ទៀត បង្កើត​បាន​នូវ​​ភាព​ទាក់​ទាញ​​ដល់​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ខ្លាំង​ណាស់។ ដោយ​ហេតុនេះ ក្រៅពី​យានយន្ត​ផ្លូវគោក, ភ្ញៀវ​ទេសចរណ៍​ក៏​អាច​ធ្វើ​ដំណើរ​មក​​ទីនេះ​ដោយ​មធ្យោ​បាយ​ផ្លូវ​ទឹក​បាន​​ដែរ​​ ព្រោះ​នៅ​ទីនេះ មាន​ផែ​កាណូត​ និង​មាន​កាណូត​តូច​ធំ​​​​រង់ចាំ​ដឹក​ភ្ញៀវ​ត្រៀប​ត្រា ​នៅ​មាត់​ទន្លេ​ចៅប្រាយ៉ា​នេះ​តែ​ម្តង។ សំរាប់​ភ្ញៀវ​​ទេសចរណ៍​បរទេស ​ដែល​ចង់​ចូល​ទៅ​​ទស្សនា​វត្តពោធិ គឺ​ត្រូវ​ទិញ​សំបុត្រ​​ ១សន្លឹក​តំលៃ ១០០បាត (មាន​ផ្តល់​ជូន​ទឹក​សុទ្ធ ១កូនដប)។ ប្រសិន​បើ​ ១ថ្ងៃ​​មាន​ភ្ញៀវ​បរទេស​ ១.០០០នាក់​ចូល​​ទស្សនា នោះ​វត្តពោធិ​នឹង​រក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​​ចំនួន ១០០.០០០​បាត​ដែរ។ … Continue reading

Gallery

កំណត់ត្រា ភាគ៤៖ តំបន់មឿងថងថានី…

This gallery contains 12 photos.

ខាងក្រោមនេះ គឺ​ជា​រូប​ថត​មួយ​ចំនួន​ បង្ហាញ​ពី​ទិដ្ឋភាព​នៅ​តំបន់​មឿងថង​ថានី (Muang Thong Thani) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ បើប្រែ​ជា​ន័យ​ខ្មែរ មឿងថងថានី ប្រហែល​ជា​មាន​ន័យ​ថា ធានីនៃទីក្រុងមាស…។ ធានី​នៃ​ទីក្រុង​មាស​នេះ គឺ​ជា​តំបន់​ដែល​ប្រមូល​ផ្តុំ​ដោយ​អាគារ​ស្នាក់នៅ ផ្សារ​ទំនើប ទីតាំង​រដ្ឋបាល​សាធារណៈ គ្រឹះស្ថាន​​សាជីវកម្មធំៗ ព្រម​ទាំង​មាន​អាគារ​សំរាប់​ពិពណ៌ និង​សាល​មហោ​ស្រព​ផង​ដែរ។ ខ្ញុំ​បាន​សួរ​គេ​ឯង​ទៅ​ទើប​ដឹង​ថា តំបន់​មឿងថង​ថានី ត្រូវ​បាន​កសាង​ឡើង​ក្នុង​ជំនាន់​លោក​នាយក​រដ្ឋ​មន្រ្តី ថាក់ស៊ីន ស៊ីណាវត្ថិ ហើយ​អាគារ​ស្នាក់​នៅ​ជា​របៀប​​​ខុនដូ​ទាំងអស់​នោះ គឺសង់​ឡើង​​សំរាប់​ផ្តល់​ជូន​នាយ​ទាហាន​គ្រប់​រូប​ ដែល​កំពុង​បំពេញ​ភារកិច្ច​​ការ​ពារ​បូរណភាព​ទឹកដី​នៅ​តាម​ព្រំដែន នៃ​រាជាណាចក្រ​ថៃ…។ អ្នក​ដែល​បាន​របប​ស្នាក់​នៅ​ក្នុង​អាគារ​ខុនដូ​​ទាំង​នោះ គឺ​មិនមាន​សិទ្ធ​លក់​ ជួល ឬ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​អោយ​បុគ្គល​ណា​មួយ​ឡើយ។ រី​ឯ​ការ​ចំណាយ​ថ្លៃ​ទឹក​ ភ្លើង​ សំរាប់​អ្នក​រស់​នៅ​ក្នុង​អាគារ​ខុនដូ​​ទាំងអស់​នោះ គឺ​រដ្ឋ​បាន​​គិត​​តំលៃ​ថោក​មែន​ទែន។ ចំណែក​​សេវា​អ៊ីនធើណិត​ វ៉ាយហ្វាយ​ដែល​មាន​ល្បឿន​លឿន មាន​ផ្តល់​ជូន​គ្រប់​​បន្ទប់​​ ដោយ​គ្រាន់​តែ​វាយឈ្មោះ​ប្រើប្រាស់ … Continue reading