Monthly Archives: ខែធ្នូ 2011

ស្ពាន​ព្រែកតាមាក់ ទុកចោល​រហូត​​មាន​ស្មៅដុះ​..!!

prek tamak

prek tamakខ្ញុំមិនមានបំណងអី​ចាក់រុក​ ឆ្កឹះឆ្កៀល​​ ឬបង្អាប់​ពី​សមិទ្ធិផល​របស់​ជាតិ មាតុភូមិ​ជា​ទី​ស្រឡាញ់​របស់​​ខ្ញុំទេ… គឺ​ខ្ញុំ​គ្រាន់​តែ​ជិះកាត់​លើ​ស្ពាន​ព្រែកតាមាក់​កាល​ពី​ម្សិលមិញ​ ហើយ​ឃើញ​​ទើស​ភ្នែក​ពេក ព្រម​ទាំង​​មាន​អារម្មណ៍​សោក​​ស្តាយ​ស្ពាន​​ថ្មី​​នេះ​ផង ​ហើយ​មិន​ដឹង​ទៅ​និយាយ​ជាមួយ​នរណា… ហេតុនេះ ខ្ញុំសូម​ផ្ញើរ​ជូន​រូបថតពីរសន្លឹកខាង​លើ​នេះ (ខ្ជិលដាក់​ចំណង​ជើង) ទៅខាង​ក្រុម WordPress ដែលជាភ្នែក​ ជាច្រមុះ​អោយ​រដ្ឋាភិបាល​ស្រាប់..??..!!..

នេះជារូបថតដែលបង្ហាញ​ពី​សំរាមនៅគែមផ្លូវលើស្ពានព្រែកតាមាក់ ដែលមិនមាន​សមត្ថកិច្ច​ខាងណា​យក​ចិត្ត​ទុកដាក់​បោសសំអាតសោះ គឺ​ទុក​ចោល​រហូត​ដល់​ថ្នាក់​ មាន​ស្មៅ​ដុះ​នៅលើ​ស្ពាន..!!..??..

មិនមាន​រឿងអី​ជា​ដុំកំភួន ដែល​នាំ​អោយ​ខាត​បង់​ធ្ងន់ធ្ងរ​​ទេ តែ​នេះ​បាន​បង្ហាញ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​​ការ​ថែ​ទាំ​ទ្រព្យសម្បត្តិ​រដ្ឋ​​ ដែល​ជា​សមិទ្ធិផល​ស្នាដៃ​​របស់​សម្តេច​តេជោ…។ ពេល​ឃើញ​បែប​នេះ ខ្ញុំ​ចេះតែ​គិត​ថា៖

  • ទីមួយ មកពីអាជ្ញាធរ​មូលដ្ឋានគិត​ថា ស្ពាន​នេះមិនមែន​ជា​​របស់​ខ្លួន និង​​របស់​ប្រជាជន​កម្ពុជា​​ឡើយ តែ​គឺ​ជា​​របស់​សម្តេច​តេជោ..!!  ហេតុនេះ អាត្មា​អញ​មិន​ខ្ចី​រវល់..!!… (ខ្ញុំគិត​ថា ប្រសិន​បើ​អាជ្ញាធរ​​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​មែន​ នេះគឺជាទស្សនៈ​​អាជ័យ​ចាំចំការ​ ចំហើយ…)។
  • ទីពីរ អាចអាជ្ញាធរមូលដ្ឋានគិត​ថា ស្ពាន​នេះ​ស្ថិត​នៅ​ក្រោមការ​ទទួល​ខុស​ត្រូវ​​​របស់​​ខ្លួនដែរ តែ​មិន​ហ៊ាន​​​ចាត់​ចែង​​​ថែទាំ​​អី​ផ្តេសផ្តាស​​ទេ ព្រោះ​ត្រូវ​រង់ចាំ​អនុសាសន៍​ពី​សម្តេចតេជោ​សិន..!!  ហេតុនេះ បើ​អាត្មា​អញ​ធ្វើ​អ្វី​មុន​អនុសាសន៍ អញខ្លាច​តែ​ខុស​ទេ..!!…  ​​(ខ្ញុំគិត​ថា ប្រសិន​បើអាជ្ញាធរ​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​ទៀត​ ក៍​មិន​ខុស​ពី​​ទស្សនៈ​​អាជ័យ​ចាំចំការ​​ដែរ…)។
  • ទីបី អាចអាជ្ញាធរមូលដ្ឋានគិតឃើញ​ទាំងអស់ ទាំងការគោរព ទាំងការ​កោត​ខ្លាច​សម្តេច​តេជោ… តែ​ពួក​គេ​​ខ្ជិល..!! ត្រូវ​រង់​ចាំ​​ប្រជុំពិភាក្សា​​គ្នា​សិន​ចាំ​ធ្វើ..!! …ចាំអាទិត្យ​ក្រោយ… ចាំ​ខែ​ក្រោយ..!!.. (ខ្ញុំគិត​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​មាន​គំនិត​បែប​នេះ​ទៀត​ ក៍​មិន​ខុស​ពីទស្សនៈ​​​អាជ័យ​​ចាំចំការ​​​ទៀត​ដែរ…)។

ខ្ញុំសូម​ជំរាប WordPress ថា សម្តេចតេជោ លោក​​បាក់​មុខ​ដោយសារ​តែធឺ​ពួក​អាជ័យ​ចាំ​ចំការ​នៅ​តាម​មូលដ្ឋាន​​បែបនេះឯង…៕

ស្រុកស្រែ

ភូមិសាស្រ្តទឹកដី និងប្រជាជន៖ ទន្លេមេគង្គ និងការ​កកើត​ប្រទេស​កម្ពុជា (តចប់)

ពេល​ដែល​ទឹក​ហូរ​ចេញ​ពី​បឹង​ទន្លេសាប​នេះ បាន​​យក​ទាំង​ដី​ល្បាប់​ទៅ​កាន់​សមុទ្រ​ផង បង្កើត​បាន​ជា​ដី​ដុះ​ថ្មី​នៅ​ខាង​ត្បូង​កូសាំងស៊ីន។ ការ​ចំរើន​ដី​ល្បាប់​ឥតឈប់ឈរ​ បាន​ធ្វើ​អោយ​ដី​កាន់​តែ​ដុះ​ឡើងៗ រួច​មនុស្ស​ក៏​មក​តាំង​ទី​លំនៅ​បង្កើត​បាន​ជា​ភូមិ​ស្រុក​ឡើង។

ទឹកដី​ប្រទេស​កម្ពុជា​ទាំងមូលចាប់​កកើត​ឡើង​តាម​របៀប​នេះ ពី​ត្រឹម​សម័យ​កាល​មួយ​ដែល​មាន​រយៈពេល​​មិន​ជា​យូរ​ប៉ុន្មាន​ពី​យើង​ទេ គឺ​កកើត​ឡើង​ដោយ​ដី​ល្បាប់ ដែល​ធ្វើ​អោយ​ទឹក​ទន្លមេគង្គ​ប្រែ​ពណ៌​ទៅ​ជា​លឿង​។ ដី​ល្បាប់​នោះ​ មិន​មែន​ហូរ​មក​ពី​តាំង​ពី​ភ្នំ​ហិមាល័យ​ឯទីបេ​នោះទេ ព្រោះទឹក​ដែល​ហូរចេញ​​ពី​ភ្នំហិមាល័យមក​​នោះ មាន​ប្រមាណ​​តែ ១ភាគរយ​នៃ​ទឹក​ទន្លេ​មេគង្គ​ទាំងមូល​ប៉ុណ្ណោះ។ តាមពិត​ ដីល្បាប់​ទាំងនោះ​​បាន​មក​ពី​ដៃ​​នៃ​អាង​ទន្លេ​មេគង្គ​ទាំងមូល ដែល​ទឹក​ភ្លៀង​ហូរ​នាំ​ចូល​មក​ក្នុង​ទន្លេ តាម​រយៈដៃ​ទន្លេ​ទាំងឡាយ រួច​ហូរ​នាំ​រហូត​ទៅ​ដល់​សមុទ្រ។ ទឹកដី​កូសាំងស៊ីន​សព្វថ្ងៃ ក៏កកើតឡើងរបៀប​នេះ​ដែរ ក្នុង​សម័យកាល​មុន​នេះ​បន្តិច។

indochina​ map 1913

ផែនទីឥណ្ឌូចិន ឆ្នាំ១៩១៣

សូមពិនិត្យ​មើល​ផែនទី​ឥណ្ឌូចិន នោះលោកអ្នក​នឹង​អាច​សង្កេត​ឃើញ​វិសាលភាពនៃ​អាងទន្លេគង្គា​ឥណ្ឌូចិន​សំបូរ​ទៅ​ដោយ​ដៃ​ទន្លេ​ដែល​គ្រប់​ដណ្តប់​ពាស​ពេញ​ផ្ទៃ​ដី​ប្រមាណ​ជា ៨ពាន់​គីឡូម៉ែត្រ​ក្រឡា។ ដៃ​ទន្លេ​ទាំងអស់​នោះ ទទួល​ទឹកហូរ​មក​ពី​ស្ទឹង​រាប់ពាន់ ហើយ​លោក​អ្នក​​អាច​ប្រ​មើល​មើលឃើញ​ទំហំ​ទឹក​យ៉ាង​ច្រើន​ ដែល​ហូរ​សំដៅ​មក​រក​ភ្នំពេញ។ គឺ​ទឹក​ទាំងនោះ​ហើយ​​ដែល​នាំ​យក​ដី​ល្បាប់​មក​ចាក់ ​តាំង​ពី​ច្រើន​សតវត្សរ៍ មុនគ្រិស្ត​សករាជ​ទៅទៀត​ បង្កើត​បាន​ជា​ប្រទេស​កម្ពុជា​ទាំងមូល​។ អ្នកស្រុក​ដែល​មក​រស់​នៅ​ទី​នេះ ចាំបាច់​​ត្រូវ​តែ​សង់​ផ្ទះ​បន្តើត​អោយ​ខ្ពស់​ផុត​ពី​ទឹក​នៅ​ពេល​ទឹក​ធំ ហើយ​ផ្ទះមួយ​ត្រូវ​មាន​ទូក​មួយ។ ដី​នេះ​ល្អណាស់​សំរាប់​ដំណាំ​ស្រូវ ហើយ​ទន្លេ ស្ទឹង បឹងបួ ត្រពាំង សំបូរ​ទៅ​ដោយ​ត្រី​ឥត​គណនា​ ហើយ​ទាំងអស់​នេះ​ គឺ​អាច​ចញ្ចឹម​ប្រជាជន​បាន​ច្រើនជាង​សព្វ​ថ្ងៃ ៦ដង (ប្រហែល​ជា​​ប្រជាជន​ឥណ្ឌូចិនក្នុង​ឆ្នាំ១៩០៧)។

ស្ថិតក្នុង​ភូមិសាស្រ្តដី​ដ៏​មាន​ជីជាតិ និង​អាកាសធាតុ​ក្តៅហើយសើម​ កាលបើ​ទទួល​បាន​នូវ​អារ្យធម៌ឥណ្ឌា ក៍​រីកចំរើន​លើសម្ចាស់​ដើម​ ទៅ​ជា​ស្ថាបត្យកម្ម​មួយ​ដ៏​សំបើម​មហស្ចារ្យ ចំឡែក​ពោរពេញ​ដោយ​អត្ថន័យ។ នេះ​ជា​អារ្យធម៌​មួយ​គួរ​អោយ​ចង់​ស្គាល់​នៅ​ចុង​បូព៌ា​ ដែល​បាន​មក​សណ្ឋិតនៅ​លើ​ប្រជាជន​​ប្រមាណ​ជា ៣០លាននាក់​​នៅ​ក្នុង​ឥណ្ឌូចិន​​ អស់​រយៈកាល​ ៨សតវត្សរ៍។ នោះ​គឺ​អាណាចក្រ​ខ្មែរ ដែល​មាន​ទឹកដី​កកើត​ឡើង​ អាស្រ័យ​ដោយ មេទឹក នៃ​ទន្លេ​មេគង្គ​ដែល​សំបូរ​ភោគផល​មិន​ចាញ់​ទន្លេនីល​ ដែល​វែង​ជាង ធំជាង និង​មាន​គុណ​ប្រយោជន៍​ល្អ​ ដូចទន្លេ​គង្គា​ នៅឥណ្ឌា​ដែរ។

មុន​នឹង​ប្រគល់​ប្រយោជន៍​ទាំងអស់​ដែល​ខ្លួនមាន ទន្លេ​មេគង្គ​ត្រូវ​រង់ចាំ​នូវ​ការ​កែ​ច្នៃ​ ដូច​ដែល​ពួក​ហិណ្ឌូ ពួក​មហាម៉ាត់ និងពួក​អង់គ្លេស បាន​ធ្វើ​ទៅ​លើ​ទន្លេ​គង្គា​ដែល​ផ្តល់​ទឹក​ទាំងអស់​ បីដង បួនដង ផ្តល់​នូវជីជាតិ​ទៅ​អោយ​វាល​ទំនាប​ដែល​ស្ងួត​ហែង​ទៅ​ដោយ​កំដៅ​ថ្ងៃ។ វាល​ទំនាប​ទាំងនោះ​នឹង​មិន​ផ្តល់​ស្រូវ​សូម្បី​តែ​មួយ​គ្រាប់ បើ​គ្មាន​ទន្លេ​មេទឹក​នេះ​ទេ។ គឺ​ទន្លេ​នេះ​ឯង​ ដែល​គ្រប់​ដណ្តប់​ទឹកដី​ទាំងអស់​នោះ​ដើម្បី​ផ្តល់​ទៅ​អោយ​នូវ​ទឹកដោះ ពោលគឺ​ទឹក​សំរាប់​បាច​ស្រោចស្រព​ ផ្តល់​នូវ​ចំណី​អាហារ ពោល​គឺ​​ជីជាតិ​បាន​ធ្វើ​អោយ​ទឹក​ល្អក់​កករ ក៏​ប៉ុន្តែ​ធ្វើ​អោយ​ទឹក​មាន​ជីជាតិ។

សូមគោរព​ចំពោះ​មេទឹក​ដែលបាន​បង្កបង្កើត​កម្ពុជា និង​កូសាំងស៊ីនឡើង។ ដើម្បី​ធ្វើអោយ​ទឹកដី​នេះ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​សំបូរ​​ភោគទ្រព្យ​ដូច​ជា​ប្រទេស​អេហ្ស៊ីប គេគ្រាន់​តែ​ត្រូវ​ការ​ ការកែ​ច្នៃ​​ពី​មនុស្ស​ដែល​មក​រស់​នៅ​ទី​នេះ​តែ​ប៉ុណ្ណោះ។ មនុស្ស​ដែល​មក​រស់​នៅ​ទី​នេះ​នឹង​មាន​សិរី ដែល​គ្រប់ៗ​គ្នា​​អាច​សុំ​បាន​ពី​ទន្លេ​នេះ។

ទាំងអស់​នេះ​គឺ​ជាឧបទ្វីបឥណ្ឌូចិន ដែល​យើង​នឹង​ពិនិត្យមើល​ប្រជាជន​កកើត​ឡើង រីកធំធាត់ លាស់​ផ្លែផ្កា បង្ក​បង្កើន​ផល រួចហើយ​ស្រយុត​ស្រយង់ រលត់​បាត់​បង់ទៅ​ បន្ទាប់​ពី​បាន​រស់​រាន​មាន​ជីវិត​ បាន​ធ្វើ​សង្រ្គាម​បំផ្លិច​បំផ្លាញ​រវាង​គ្នា​និង​គ្នា ដណ្តើម​ទឹក​ដី​គ្នា​បំពេញ​មហិច្ឆិតា​រៀងៗ​ខ្លួន។ អ្វីៗ​ទាំងអស់ មាន​លក្ខណៈ​ជា​បណ្តោះ​អាសន្ន និង​កើតមាន​​ឡើងតែ​មួយ​រយៈពេល​ប៉ុណ្ណោះ…៕​ ​

ភូមិសាស្រ្តទឹកដី និងប្រជាជន៖ ទន្លេមេគង្គ និងការ​កកើត​ប្រទេស​កម្ពុជា

កំណត់សំគាល់៖ ខ្ញុំ​ទើប​នឹង​បន្ថែម​ចំណាត់​ក្រុម​ថ្មី​​មួយ​ទៀតគឺ ភូមិសាស្រ្តទឹកដី និងមនុស្ស ដើម្បី​ដាក់​ប្រកាស​​​អត្ថបទ​ដកស្រង់​​​ (មិនមែន​ចំលងទាំងស្រុង​ទេ) ដែល​ខ្ញុំ​សង្ខេប ស្រង់​ចេញ​​ពី​ក្នុងសៀវភៅ​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា ដែល​និពន្ធ​ដោយ​លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère)  បោះពុម្ពផ្សាយ​​នៅបារីស ឆ្នាំ១៩១៤ ។

លោក អាដេម៉ារ ឡឺក្លែរ​ (១៨៥៣-១៩១៧) គឺ​ជា​អតីត​រ៉េស៊ីដង់​បារាំង​ប្រចាំ​កម្ពុជា។ នៅ​ក្នុង​អារម្ភកថា​របស់​លោក​​ក្នុង​សៀវភៅ​នេះ ​បាន​បញ្ជាក់​ថា លោក​បាន​មក​រស់នៅ​ប្រទេស​​កម្ពុជា​យើង​​ចំនួន ២៥ឆ្នាំហើយ ព្រមទាំង​បាន​សិក្សា​ច្បាប់​ផ្សេងៗ​​របស់​ប្រទេស​យើង​ជា​បន្តបន្ទាប់​ ដែល​ការ​សិក្សា​នេះ​ គាត់ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​​ ១៥​ឆ្នាំ​​ និង​បោះ​ពុម្ព​សៀវភៅ​បាន​ ៥ក្បាល ព្រម​ទាំង​ឯកសារ​ផ្សេងៗ​ទៀត​​ជាច្រើន។​ ខ្លឹមសារ​សៀវភៅ​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា ដែល​ខ្ញុំ​នឹង​ដកស្រង់​​យក​មក​ដាក់​ក្នុង​ប្រកាស​របស់​ខ្ញុំ​នេះ ​លោក​ អាដេម៉ារ ឡឺក្លែរ​ បាន​ចាប់​ផ្តើម​និពន្ធ​នៅ​ឆ្នាំ១៩០៧ គឺ​ក្រោយ​ពេល​ប្រទេស​សៀម បាន​ប្រគល់​ខេត្ត​ភាគ​ខាង​លិច​​មក​អោយ​កម្ពុជា​វិញ ហើយ​ ៦ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ១៩១៣ ទើប​បាន​​និពន្ធ​ចប់ និង​​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ១៩១៤។

ការកកើត​សៀវភៅ​នេះ គឺ​មាន​រយៈពេល​ជិត ១០០ឆ្នាំ​ហើយ… ខ្ញុំ​ចង់​អោយ​​អស់​លោក​អ្នក​​សិក្សា​ ស្វែងយល់​ពី​​អតីតកាល​របស់​យើង ថាតើ​ភូមិសាស្រ្ត​ទឹក​ដី និង​ប្រជាជន​នៃ​​​បណ្តា​ប្រទេស​​ជុំវិញយើង គេ​មាន​ទំនាក់​ទំនង​យ៉ាង​ម៉េច​ខ្លះ​ជាមួយ​ប្រទេស​កម្ពុជា​យើង​​​ ចាប់​តាំង​ពី​ការ​កកើត​ទឹកដី​មក? មិនមែន​ថា អោយ​តែ​បរទេស​និយាយ​ គឺ​សុទ្ធ​តែល្អ​ និង​ត្រឹម​ត្រូវ​នោះ​ទេ ក៍ប៉ុន្តែ​នៅ​សម័យ​នោះ ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ខ្មែរ​យើង​រៀន​សូត្រ​មិន​បាន​ចេះ​ដឹង​ខ្ពស់​ខ្ពស់​​ដូច​សាសន៍​ជនជាតិ​អឺរ៉ុប​​ដែល​ដើរ​តែ​ធ្វើ​អាណា​និគម​ទៅ​លើ​ប្រទេស​នានា​ក្នុង​ពិភព​លោក​​នោះ​ទេ។ ​ហើយ​ទាំងអស់​នេះ គឺ​ខ្ញុំ​នឹង​ច្បិច​យក​តែ​​ប្រវត្តិ​ភូមិសាស្រ្ត និង​​​ទំនាក់​ទ​ង​រវាង​ប្រជាជន និង​ប្រជាជន​តែ​ប៉ុណ្ណោះ ដោយ​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​នយោបាយ ឬ​ការ​បាត់​បង់​ទឹក​ដី​​​​ឡើយ។ ​

*************************

ទន្លេ​មេគង្គ គឺ​ជា​ទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេ​ដែល​វែង​ជាង​គេ​ក្នុង​ពិភពលោក។ សូមពិនិត្យ​មើល​ផ្លូវ​ទឹក​របស់​ទន្លេ​មេគង្គនៅលើ​ផែនទី។ ទន្លេ​នេះ​មាន​ប្រវែងបីពាន់​គីឡូម៉ែត្រ និង​មាន​ផ្លូវ​ទឹក​បត់​បែន​យ៉ាង​ខ្លាំង។ ជលមាគ៌ា​នេះ ទទួល​យក​បរិមាណ​ទឹក​ភ្លៀងចំនួន​ពាក់​កណ្តាល​នៃ​ទឹកភ្លៀងដែល​ធ្លាក់​មក​លើ​ឥណ្ឌូចិន ហើយ​ដែល​មិន​បាន​ហួត​អស់​ទៅ​ដោយ​កំដៅ​ព្រះអាទិត្យ​។ ទន្លេ​នេះ​ហូរ​ចេញពី​ភ្នំ​ហិមាល័យ​នៅ​ទី​បេ​ ប្រទេសចិន ដោយ​មាន​ជំរាល​ចោទ​យ៉ាង​ខ្លាំង និង​មាន​ដៃ​ទន្លេ​ច្រើន​រាប់​រយ។ នៅ​ចំងាយ​ ៥០គីឡូម៉ែត្រ​ពី​ខាង​ក្រោម​ព្រំប្រទល់​រវាង​ចិន និងឥណ្ឌូចិន ទន្លេ​មេគង្គរីកធំ​តែរាក់ ទឹកនៅ​តែ​ត្រឹម​ជង្គង់ មនុស្ស​អាច​ដើរ​កាត់​បាន​នៅ​រដូវរងារ។ ចាប់​ពី​ត្រឹម​នេះ​ទៅ ទន្លេមេគង្គ​បាន​ចូល​មក​ដល់​ទឹក​ដី​ឥណ្ឌូចិន​ហើយ។ នៅ​ត្រង់​ខាង​លើ​ទន្លេក្វេនហុង ទឹក​បាន​ហូរកាត់​របាំង​ថ្ម​ធម្មជាតិ​ខ្ពស់ៗ ចង្អៀត និង​ជ្រៅ មិន​អាច​ធ្វើ​នាវាចរ​បាន​ទេ។

mekong river map

មកដល់ត្រង់​ហ្លួងប្រាបាង ទន្លេ​មេគង្គ​ប្រែ​ជា​ល្អ​ឡើង​វិញ ហើយ​រឹត​តែ​ល្អ​ឆើត​ឆាយ​នៅ​ត្រង់​វៀងច័ន្ទ។ ក៏ប៉ុន្តែ នៅ​ចន្លោះ​ពី​ហ្លួងប្រាបាង​មក​ដល់​វៀងច័ន្ទ ការ​ធ្វើ​នាវាចរ​ពេល​ខ្លះ​មាន​ការ​លំបាក ដោយ​គេ​ត្រូវ​ផ្ទេរ​ទំនិញ​យ៉ាង​តិច​ម្តង បើ​គេ​ចង់​ធ្វើ​ដំណើរ​ចុះឡើង។

ចាប់​ពីក្រោម​វៀងច័ន្ទ​ចុះ​មក​ក្រោម ទន្លេ​មេគង្គ​ល្អត្រកាល​ណាស់ ហើយ​នាវាសមុទ្រ និង​នាវា​ចំបាំង​អាច​ធ្វើ​នាវាចរ​បាន​នៅ​រដូវ​ប្រាំង​ រហូត​ដល់​សុវណ្ណខេត្ត។ ចុះ​ទៅ​ក្រោម​ទៀត ផ្ទៃ​ទន្លេ​រីក​ធំ ក៏ប៉ុន្តែ​ទឹក​រាក់ កន្លែង​ខ្លះ​មាន​ដុំ​ថ្ម​រដិប​រដុប ឬ​មាន​ជួរ​ទឹក​ហូរ​ខ្លាំង ប្រកប​ដោយ​គ្រោះ​ថ្នាក់​រហូត​ដល់​ដូនសា (ពាក្យឡាវ ដូន ប្រែថា ភូមិ)។ បន្ទាប់​មក​ ទឹក​ចាប់​ជ្រៅ​ និង​គ្មាន​ប្រទះ​ដុំថ្ម​ទៀត​ទេ ហើយ​កប៉ាល់​ប្រើ​ចំហាយ​ អាច​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ចុះ​មក​ដល់​កេង កាឡាហៃ (កេង​ មានន័យថា ល្បាក់​ទឹក​ធ្លាក់។ កាឡាហៃ ជា​ពាក្យ​ត្រាប់​តាម​សំលេង​ទឹក​ជួរ​​ដែល​ហូរ​នៅ​ចន្លោះ​ដុំថ្ម ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ឆាយ, កាឆាយ)។

គេ​អាច​ធ្វើ​ដំណើរ​ចុះ​តាម​ជួរ​ទឹក​ទាំងអស់​នេះ​បាន​ដោយសារ​កូនទូក​តូចៗ ដោយ​ប្រើ​ពេល​ ៤​ម៉ោង​នៅ​ពេល​រដូវ​ទឹក​ស្រក។ ចុះ​ទៅ​ក្រោម​ទៀត គឺ​ជា​ទន្លេ​មួយ​ដ៏ល្អ​ ដែល​គេ​ត្រូវ​ប្រើ​ពេល​ ២ថ្ងៃ​ដើម្បី​ចុះ​ពី​កេងយ៉ាពើត មក​ដល់​កោះ​ខុង (ខុងផាផេង សព្វថ្ងៃ)។ នៅ​ចន្លោះកោះខុង និង​កោះ​ខោន (ម្តុំល្បាក់ខោន​យើង) ផ្ទៃ​ទន្លេ​មាន​កោះ​ជា​ច្រើន ​ទឹក​រាក់ និង​មាន​ដុំថ្ម​លិច​ប៉ប្រះៗ​បាតទូក​នៅ​រដូវ​សំរក។ នាវា​ប្រើ​ចំហាយ​អាច​ធ្វើ​ដំណើរ​បាន​តែ​ពេល​ទឹក​ឡើងពី​ខែកក្កដា ដល់​ខែវិច្ឆិកា។

បន្ទាប់​មក​គឺ​ល្បាក់ខោន​ ដែល​ប្រៀប​បាន​នឹង​សន្ទះ​រាំង​ទឹក ធ្វើ​អោយ​ទឹក​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដូច​បាក់​ទំនប់ បញ្ចេញ​សំលេង​ទ្រហឹង​អឺងអាប់ បែកផ្កា​ត្រែង​សក្បុស នៅសងខាង​កោះខោន។ គេ​ឆ្លង​កាត់​កោះនេះ​តាម​ផ្លូវ​ដែក​តូចមួយ​ មាន​ប្រវែង​ប្រហែល ៥គីឡូម៉ែត្រ។

ចុះទៅត្បូងកោះខោន ទន្លេមេគង្គ​រីកធំ គ្មាន​កោះ​គ្មាន​ត្រើយ ទូកតូចៗ​អាច​ឆ្លង​កាត់​បាន​តែ​នៅ​រដូវ​សំរក។ នៅរដូវ​ទឹកឡើង ផ្ទៃ​ទន្លេ​មាន​ទទឹង​ពី ៥ទៅ ៦គីឡូម៉ែត្រ។ នាវាចរ​​អាច​ប្រព្រឹត្តិទៅកាត់​ព្រៃ​លិចទឹក​ ដែលគេ​មើល​ឃើញ​តែ​ចុង​លើ​ប៉ុណ្ណោះ។

នៅខាង​ក្រោម​ស្ទឹងត្រែង និងដៃ​ទន្លេ​ខាង​ឆ្វេង មាន​ជួរ​ព្រះត្រពាំង រួច​កោះរ៉ុងហ្សូ ដ៏ធំ​ដែល​មាន​ប្រវែង ៤០គីឡូម៉ែត្រ រួចហើយ​គឺ​សំបូរ ដែល​ជា​រាជធានី​សម្ភុបុរៈ ពី​មុន​ហើយដែល​ពួក​ហុល្លង់​ហៅថា សំបាបឿ។ បន្ទាប់មក​​គឺ​ជួរ​សំបុកសំបូរ ដែល​ចាប់​ពី​នេះ​ទៅ​​ទឹក​ទន្លេ​ហូរ​ជា​ធម្មតា និង​មាន​ទទឹង​ពី ១៥០០ម៉ែត្រ ទៅ ២០០០ម៉ែត្រ ហើយ​គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​រដូវ។

មក​ដល់​ភ្នំពេញចតុមុខ ទន្លេមេគង្គ​ចែក​ផ្លូវ​ទឹក​ជា​ពីរ​ធំៗ ដើម្បី​ងាយ​ហូរ​ចូល​ទៅ​សមុទ្រ។ នៅ​រដូវ​ទឹកឡើង​ ទឹកទន្លេ​មេគង្គ​ហូរ​ចាក់​តាម​ទន្លេសាប បញ្រ្ចាសឡើង​ទៅខាង​ជើង​ចូល​ទៅ​បឹង​ទន្លេ​សាប។ ដោយ​អំណាច​ទឹក​ហូរ​ចូល​ដ៏​ច្រើននេះ ទឹក​បឹង​ទន្លេសាប​ឡើង​រហូត​ដល់​កំពស់ប្រាំ ប្រាំមួយម៉ែត្រ ឬប្រាំបីម៉ែត្រ ជន់លិច​ផ្ទៃ​ដី​ដែល​នៅ​ជុំវិញ រហូត​ដល់​ទៅ​ចំងាយ ៥០គីឡូម៉េត្រ។ ទឹកបឹង​ទន្លេសាប​គ្រប់​ដណ្តប់​វាល​ទំនាប​ធំធេង ពោរពេញ​​ទៅ​ដោយ​ទូក និង​ហ្វូងក្អែកទឹក ហ្វូងទុង ចចាត ក្រសា ទោម ព៌ណប្រផេះឬព៌ណកូលាប ដែល​ហិចហែល​ចាប់​ត្រី​យ៉ាង​សំបូរ​ពោរពាស។ អ្នកនេសាទ​ខ្មែរ យួន និងចិន រាប់​ពាន់នាក់​ ចាប់​យក​ត្រី​ទាំងអស់​នេះ​នៅ​ខែកុម្ភៈ មីនា និង​មេសា។

ពេល​ផុត​រដូវ​ភ្លៀង វាលទំនាប​ទាំងឡាយ​រីង​ស្ងួត​អស់​ដោយ​កាំរស្មី​ព្រះអាទិត្យ មិនមាន​ទឹកហូរ​ចាក់​ចូល​ដៃ​ទន្លេ​ទៀតទេ។ នៅ​ពេល​នោះ ទឹកទន្លេសាប​ចាប់​ហូរ​បញ្រ្ចាស​ពី​ជើង​មក​ត្បូង​វិញ​ម្តង​ក្នុង​រយៈពេល ៦ខែ ដើម្បី​បញ្ចេញ​ទឹក​​ដែល​ហូរ​ចូល​កាល​ពី​ ៦ខែ​មុន។ ទឹក​បឹង​ទន្លេសាប​ក៏​ស្រក​ចុះ​ដែរ មក​នៅ​ត្រឹម​មាត់​ទន្លេ​ខ្លួន​ឯង រួច​ស្រក​ចុះ​ថែម​ទៀត​ រហូត​ទាល់​តែ​នៅ​សល់​ជំរៅ​ត្រឹម ១ ឬ ២ម៉ែត្រ​​ប៉ុណ្ណោះ​នៅ​ត្រង់​កន្លែង​ខ្លះ។ អាងទឹក​ដ៏​ធំ​នេះ ក៏​ប្រែ​ក្លាយ​ខ្លួន​មក​ត្រឹម​សមុទ្រ​មួយ​តូច ដែល​មាន​ប្រ​វែង​បណ្តោយ​ ១៥០គីឡូម៉ែត្រ និងទទឹង ៤៥គីឡូម៉ែត្រ។

(នៅមានត…)

គម្ពីរ​ឆ្កឹះឆ្កៀល​..!!

កាល​ពី​​ម្សិលមិញ ​ម្ចាស់​ផ្ទះ​ស្រែខ្មុក បាន​ជួយ​កេះ​ប្រាប់​ខ្ញុំ​ថា កុំអោយ​​ខ្ញុំ​ពូកែ​​រក​កន្លែង​ឆ្កឹះឆ្កៀល​ដូចពួកខេអាយ(KI Media) ពេក…  ខ្ញុំភ្ញាក់​ខ្លួន​ព្រឺត… អុញ! អាត្មា​អញ​មាន​ជំនាញ​​មួយ​ទៀត​ហើយ… គឺ​ជំនាញ​​ដើរ​ឆ្កឹះឆ្កៀល​គេ..!!..??..

អរគុណ​ស្រែខ្មុក​ ដែល​បាន​ជួយ​កេះប្រាប់។ តាម​ពិត​ទៅ ខ្ញុំ​​រក​​មើល​​ខ្លួន​ឯង​ពី​ចំណុច​នេះ​​ដែរ តែ​ដូចជា​​រក​មិន​ឃើញ​​អា​​ជំនាញ​​​ដើរ​ឆ្កឹះឆ្កៀល​គេ​ណឹង​សោះ… គឺ​ខ្ញុំ​គ្រាន់​តែ​និយាយ… ខ្ញុំ​គ្រាន់​តែ​ថា​នូវ​ចំណុច​ខ្លះ​ដែល​អ្នក​ដទៃ​​មើល​រំលង ឬ​មើល​ឃើញ​ដែរ តែ​អត់​និយាយ​ចេញ​មក​តែ​ប៉ុណ្ណោះ។ ហើយ​បើ​ការ​និយាយ​របស់​ខ្ញុំ វាក្លាយ​ទៅ​ជា​រឿង​ឆ្កឹះ​ឆ្កៀល និង​​នាំ​អោយ​​អារម្មណ៍​មនុស្ស​ទូទៅ​មិន​សប្បាយចិត្ត គឺ​ចាប់​ពី​​ថ្ងៃ​នេះ​ទៅ ​ខ្ញុំ​មាន​តែ​​​អង្គុយ​សំកុក​​​ក្នុង​ផ្ទះ​ខ្លួន​ឯងជារៀង​រហូត​ហើយ…។

ទាកទង​នឹង​ជំនាញ​ឆ្កឹះឆ្កៀល​នេះ ​ខ្ញុំ​ទើប​នឹង​នឹក​ឃើញ​​ពី​​​តាតា​មួយ​ក្រុម ​​ដែល​បាន​និយាយ​លេង​​សើច​ជា​មួយ​ខ្ញុំ​​នៅ​តុ​កាហ្វេថា៖ ក្រោយ​ពី​សៀម​វាយ​បែក​បន្ទាយ​លង្វែក​មក ពួកសៀមបាន​ប្រមូល​​គម្ពីរ​ល្អៗ​យក​ទៅ​ស្រុក​គេ​​អស់​ហើយ… រីឯ​​គម្ពីរ​ឆ្កឹះឆ្កៀល គម្ពីរ​ចាក់​រុក​មួល​បង្កាច់​គ្នា គម្ពីរ​ឈ្លោះ​គ្នាឯង​​ គឺសៀម​មិន​បាន​យក​ទៅ​ទេ គឺ​ទុក​សំរាប់​អោយ​ខ្មែរ​យើង​រៀនសូត្រ… ហេតុនេះ​ហើយ​បាន​ជា​ខ្មែរ​យើង​ ​រៀន​សូត្រ​​​ និង​មាន​ជំនាញ​ច្បាស់​លាស់​ ​តែ​ប៉ុន្មាន​​មុខ​ណឹង ដែល​នាំ​អោយ​មិន​អាច​សាមគ្គី​គ្នា​​យូរ​អង្វែង​​បាន…។ ពីដំបូង​ខ្ញុំ​គិត​ថា ពួក​គាត់​ចេះ​តែ​និយាយ​បំផ្លើស មួល​បង្កាច់​​អោយ​ស្អប់​ជនជាតិ​ជិតខាង​យើង​ទេ តែ​ដល់​លោក​ស្រែខ្មុក គាត់​កេះ​ប្រាប់​ខ្ញុំ​កាល​ពី​ម្សិល​មិញ​មក ខ្ញុំ​គិតៗ​ទៅ ដូច​ជា​ត្រូវ​ផស់​គាត់​ដែរ…។​

ចាប់​ពីថ្ងៃ​នេះទៅ ខ្ញុំ​ឈប់​ដើរ​​លេង​ជ្រៀត​ជ្រក​ និង​​និយាយ​លេង​​សើច​តាម​ផ្ទះ​​ញាតិ​​ជិតខាង​ក្នុង​ភូមិ​​ដូច​​មុន​ទៀតហើយ ព្រោះ​នឹង​នាំ​អោយ​ខូច​បរិយាកាស​អ័ព្ទអួរ​ក្នុង​គេហដ្ឋាន​របស់​គេ ឬ​ក៍​នាំ​អោយ​ជាប់​ប្រលាក់​ប្រឡូក​នឹង​ភាព​ត្រឹមត្រូវ​​របស់​គេ​ ដោយ​សារ​ខ្ញុំ​ចូល​​ទៅ​ដើរ​ឆ្កឹះ ហើយ​ឆ្កៀល​ទៀត… ចំណុច​នេះ​ ខ្ញុំ​នឹង​ចង​ចាំ​ទុក..!!

ស្រុកស្រែ

WordPress ពិភពដ៏​​អាថ៌កំបាំង..!!

មិនដឹង​ជា​ខុស​បច្ចេកទេស ឬក៍​ខាង WordPress លេង​សិល្ប៍ដាក់​ប្លុកស្រុកស្រែ​​ខ្ញុំ​ទេ តែ​ពេល​ដែលខ្ញុំ​​ដាក់​ប្រកាស បទទន្សោង​គោព្រៃ កាល​​ពី​ពេល​ព្រឹក​​​នេះ ឥឡូវ​​ខាង​ WordPress  បានបិទ​មិន​អោយ​មាន​ការ​ Comment អី​ទាំងអស់… តែ​ហេង​ដែរ ​ទំរាំ​នឹង​នឹក​ឃើញ​បិទ គឺ​ធ្លាយ​ចេញ​ Comment ចំនួនបួន​ បាត់ទៅ​ហើយ។

អ្វីដែល​ខ្ញុំ​មានការ​សង្ស័យ​​ចំពោះ​វិធានការណ៍​របស់​ WordPress ទៅ​លើ​ប្រកាស​បទ​ចំរៀង​​​ដែល​មាន​ខ្លឹមសារ​​​​​ ​គោដំបៅខ្នង​ មួយនេះ គឺ​ខ្ញុំ​ចាប់​ផ្តើម​មាន​ចំងល់​ទៅលើ​ Comment ទី៣ របស់​តាម៉ាប់ ដោយ​ម្តងរត់​មក​នៅ​លេខរៀងទី៤ ម្តងរត់​ទៅនៅ​លេខ​រៀងទី៣ វិញ ហើយ​គាំង​មួយ​សន្ទុះ ស្រាប់​តែបិទ​លែង​អោយ​មាន​ប្រអប់​សំរាប់​សរសេរ​ Comment និងបិទប៊ូតុង ឆ្លើយតប តែ​ម្តង ដោយមាន​តែ​ប៊ូតុង កែប្រែ មួយ​ស្ញេញ​ចឹង​ទៅ​ (តែសំរាប់​​អ្នក​ចូល​​​មើល គឺ​អត់​មាន​ឃើញ​ប៊ូតុង​អីទាំងអស់)…។

wp-problem

ខ្ញុំ​ទើប​​នឹកឃើញ… អីចឹង​តើ​បានជា WordPress បិទប្លុក​រៀន​ដើម្បី​ខ្មែរ របស់​លោក​សាម៉ាឌី ស្រេច​តែ​ក្បាល​វ៉ាល់​នោះ… ឳ!… WordPress អើយ WordPress… អ្នក​​ប្រៀប​ដូច​ជា​ពិភព​អាថ៌កំបាំង និង​នៅ​ឆ្ងាយ​សែនឆ្ងាយ​​​ពី​ស្រុក​ខ្មែរ..!! តែ​តាម​ពិត អ្នក​នៅ​ក្បែរ​ក្លៀក​អ្នក​កំពុង​ប្រើ​ប្លុក​របស់​អ្នក​សោះ ហើយ​​អ្នក​​ភ្លេច​ខ្លួន ធ្វើ​អោយ​អាថ៌​កំបាំង​​របស់​អ្នក លៀន​កន្ទុយ​ចេញ​ម៉ោ តាឡិនៗ..!!..

អត់បញ្ហា ប្រសិន​បើ​ WordPress មានក្រុម​ចាំអង្គុយ​ច្រោះ​ព័ត៌មាន (Filtered) បែប​នេះ ខ្ញុំ​នឹង​បន្ត​លេងល្បែង​ឆ្មាចាប់កណ្តុរ កំដរ​ជាមួយ WordPress ដល់​ទី​បំផុត។ ដូច​ខ្ញុំ​បាន​ជំរាប​តាំង​ពី​ដំបូង​​រួច​មក​​ហើយ​ថា ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក​មាន​ជំហរ​ប្រឆាំង​អី​​ទេ… បំណង​របស់​ខ្ញុំ គឺ​ចង់​កែប្រែ​ភាព​អសកម្ម​ខ្លះ​នៅ​ក្នុង​សង្គម​ ​ដែល​ខ្ញុំ​បាន​សង្កេត និង​មើល​ឃើញ​ជាក់​ស្តែង​រាល់​ថ្ងៃ តាម​រយៈ​ចុងប៊ិច និង​គំនិត​ដ៏​ស្តួច​ស្តើង​របស់​ខ្ញុំ… ក៍​ប៉ុន្តែ​​​អ្នក​បែរ​ជា​​រុញ​ខ្ញុំ​​​អោយ​ទៅ​នៅ​ជា​មួយ​ក្រុម​ប្រឆាំង​​នឹង​អ្នក​ទៅ​វិញ…។ ខ្ញុំ​គិត​ថា ប្រសិន​បើ​បង្កើត​ប្លុក​ប្រឆាំង​​ចេញ​មុខ​តែ​ម្តង​ ប្រហែល​ជា​ក្រុម WordPress មិន​ហ៊ាន​ប៉ះពាល់​ទេ ហើយ​ថែម​ទាំង​​បន្លាយ​ខ្សែ​អោយ​វែង ​​ដើម្បី​តាម​រក​មេកើយ​ថែម​ទៀត…។

អត់ឆ្អីទេ… ​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​រហូត… ចាំ​អ៊ុត​មើល​បន្តិច​ទៀត​សិន… មាន​ភាសិត​​អ្នក​គុន​និយម​ចិន​ឧស្សាហ៍​​និយាយ​​ថា៖ ចេះ​រក្សា​ព្រៃ​មិនខ្វះអុស​ដុត… តែខ្ញុំយល់​ថា  ​ចេះ​រក្សា​ព្រៃ​ មិនខ្វះ​សត្វសាហាវ ទៅវិញទេ​..!!..??..

ស្រុកស្រែ

ទន្សោងគោព្រៃ​៖ បទចំរៀង​ខ្មែរ​ពេញនិយម​ប្រចាំសតវត្សរ៍

បទទន្សោងគោព្រៃ

និពន្ធបទភ្លេង និងទំនុកច្រៀងដោយៈ ចាស់ជាន់មុន តែត្រូវបានអាប់ឌេតថែមថយខ្លះ ក្នុងវ៉ុលណូអែល ២០១១ តាមប៉ារ៉ូលថ្មីដូចខាងក្រោម៖

  • អើយ… សុរិយា សុរិយាល្ងាចថ្ងៃ        ទន្សោងទន្សោងគោព្រៃ   រកស៊ីរកស៊ីជើងភ្នំ        អាតូចអត់អីស៊ីសោះ          ព្រោះអាធំនាំគ្នាស៊ីជុំ        ស៊ីឆ្អែតនៅតាមជើងភ្នំ          រួចក្អួតដាក់ទឹកដងអូរ…អើយ….។

បទនេះជាចង្វាក់តាលុង និងមានតែមួយល្បះនេះគត់ ដោយច្រៀងសារទៅ សារមករហូតទាល់តែអ្នករាំទន់ជង្គង់ចុះចាញ់ បានចប់..!! គឺជាបទចំរៀងខ្មែរដ៏ពេញនិយមប្រចាំសតវត្សទី២០ ហើយឆ្លងចូលដល់សតវត្សទី២១ នេះទៀត ក៍នៅតែបន្តការពេញនិយមជាប់រហូតទៀតដែរ…។

ស្រុកស្រែ

អរគុណ CTN ដែល​បាន​ផ្សាយ​ពីសវនាការ​​លើ​សំណុំ​រឿង០០២ ឡើង​វិញ

ដំបូងសូមក្រាបគោរព​អរគុណដល់ទូរទស្សន៍ CTN ដែល​បាន​ផ្សាយ​ឡើងវិញ​ពី​ដំណើរ​ការ​ក្នុង​អង្គ​សវនាការ​លើ​សំណុំ​រឿង០០២ កាល​ពី​ថ្ងៃ​ម្សិលមិញ ដែលបន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ កាល​ពី​សប្តាហ៍​មុន​នោះ​មក។

កាលពី​យប់​ក្បាល​ព្រលប់​ម្សិលមិញ ខ្ញុំ​បានជក់​​មើល​ការ​ផ្សាយ​ឡើង​វិញ​ពី​ព្រឹត្តិការណ៍​សវនាការ​នេះ ​របស់ទូរទស្សន៍ CTN International ​តាំងពី​ដើម​ដល់​ចប់។​ តាមពិត​ទៅ CTN បាន​ផ្សាយ​បន្តផ្ទាល់​ដែរ តែ​ខ្ញុំ​ជឿថា​ ​អ្នកធ្វើ​ការងារ​ទូទៅ​គឺ​មិន​មាន​ពេល​គ្រប់​គ្រាន់​​បាន​ទស្សនា​ដោយ​ផ្ទាល់​បាន​ទេ។ ហេតុនេះ ​ម្នាក់ៗ​បើ​ចង់​តានដាន​រឿង​ភាគ​ពិសេស​មួយនេះ គឺមាន​​តែរង់ចាំទស្សនា​តាម​រយៈ​ CTN International សំរាប់​ផ្សាយ​ទៅ​​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។

ក្នុងរយៈ​ពេល​ផ្អាក​ឈប់ផ្សាយ​នេះ ក្រុម​អ្នក​វិភាគ​កំរិតផឹកតែ​នៅ​តាម​តុ​កាហ្វេ​​បាន​វាយ​តំលៃ​ថា រដ្ឋាភិបាល​នឹង “​​ចំណេញ​ច្រើន​” ​ពី​ការបិទ​មិន​អោយ​មាន​ការ​ផ្សាយ​​ពិស្តារ​ពី​រឿង​កាត់​ទោស​​នេះ​… ព្រោះ​រឿង​នេះ​ នឹង​ធ្វើ​អោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​​បែប​រយីង​រយោង​ធម៌​​ ជា​មួយ​នឹង​ថ្នាក់​ដឹកនាំកំពូលៗ​មួយចំនួន​ទៀត នា​ពេល​បច្ចុប្បន្ន​ដែល​ជន​ជាប់​​ចោទ​នឹង​ឆ្លើយ​ដាក់ ឬលាត​ត្រដាង…។​

តែខ្ញុំមិនយល់​អីចឹង​ទេ… ផ្ទុយទៅវិញ ការបិទមិនអោយ​ផ្សាយ​ទៅវិញទេ​ដែលនឹង​ធ្វើអោយ​រដ្ឋាភិបាល “​ខាតឡុងចុង​” ទាំងការទាំងដើមនោះ…។ ហើយ​នៅ​ពេល​ដែល​​​ខ្ញុំ​បាន​ស្តាប់​លោក​ ខៀវសំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ អង្គុយ​អាន​សេចក្តី​ថ្លែងការណ៍​ក្នុង​អង្គសវនាការ​កាល​ពី​យប់​មិញ​​នេះ​ទៀត ទើប​ខ្ញុំ​យល់​ថា​​ ការ​គិត​របស់​ខ្ញុំ​ប្រហែល​ជា​ត្រូវ​ជាង… នោះគឺការផ្សាយ​ព័ត៌មាន​ពិស្តារ​ពី​រឿង​នេះ​ទេ ដែល​ធ្វើ​អោយ​​រដ្ឋាភិបាល​​បាន​ចំណេញ​គ្រប់​ទឹក..!! អ្វីដែល​ចំណេញ​នោះ​គឺ៖ រដ្ឋាភិបាល​នឹងបង្ហាញ​អោយ​ប្រជាជន​អ្នក​បោះឆ្នោត​កាន់​តែ​ឃើញ​​ច្បាស់​ថា​ខ្លួន​ជា​ មាសសុទ្ធ​មិនខ្លាច​ភ្លើង…​​ ហើយ​រដ្ឋាភិបាល​ ក៍​មិន​មែន​​ជាប្រភេទ គោដំបៅ​ខ្នង​ឡើយ…

គឺដោយសារ​តែ​ការ​លាត​ត្រ​ដាង​ របស់​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​អង្គ​សវនាការ​​លើ​សំណុំ​រឿង០០២ នេះហើយ​​​​​ ដែល​បាន​បង្ហាញ​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹងអំពើ​ប្រល័យ​ពូជសាសន៍​ និង​ឧក្រឹដ្ឋកម្ម​សង្គ្រាម​នៃ​មេដឹកនាំ​បច្ចុប្បន្ន​នៅ​ក្នុង​អំឡុង​ពេល​របប​ខ្មែរក្រហម​កាន់​អំណាច ហើយ​ពួក​គាត់​​នឹង​នៅ​តែ​​ជា​អ្នក​​មានគុណ​ទីពីរ​​របស់​អ្នក​​ដែល​បាន​រួចរស់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​នេះ ជារៀង​រហូត…។

នេះមិនមែន​ជាការ​វិភាគ​នយោបាយ​អី​ទេ គឺ​គ្រាន់​តែ​ជា​គំនិត​ដែល​ខ្ញុំ​គិត​អស់​ក្បាច់​ហើយ​ ​មាន​ប្រវែង​ត្រឹម​តែ ​កន្ទុយអណ្តើក នេះឯង..!!

ស្រុកស្រែ

កម្ពុជា… រាជាណាចក្រ​ឈប់សំរាក..!!

ព្រឹកនេះ ទើបតែបានឃើញ​​ប្រក្រតិទិន​ការងារ​ប្រចាំ​ឆ្នាំ២០១២ សំរាប់​កន្លែង​ធ្វើការ​របស់ខ្ញុំ… ហើយខ្ញុំ​គិត​ថា សំរាប់​និយោជិត​ នៅ​កន្លែង​ធ្វើការ​ផ្សេងៗ​ទៀត (ទាំងរដ្ឋ, ទាំងអង្គការ​ក្រៅ​រដ្ឋាភិបាល, ទាំងកម្មករ​រោងចក្រ, ទាំងវិស័យឯកជន)  គឺ​នឹងមាន​ច្បាប់​ឈប់​សំរាក​​​ប្រចាំ​ឆ្នាំ​ សំរាប់​ថ្ងៃ​បុណ្យជាតិ និង​អន្តរជាតិ​ដូចៗគ្នាទេ។ តែ​នៅ​កន្លែង​ខ្ញុំ​ មាន​ករណីឈប់​​ពិសេសបន្ថែម​ទៀត ដែល​ធ្វើ​អោយ​ថ្ងៃ​ធ្វើ​ការងារ​ប្រចាំ​ឆ្នាំ​កំពុង​តែ​តិច​ស្រាប់​ផង ​កាន់​តែ​ខើចទៅៗ…។

ខាងក្រោមនេះ គឺជា​ថ្ងៃ​ឈប់​សំរាក​​សំរាប់​បុណ្យជាតិ និង​អន្តរជាតិ​ជា​ផ្លូវ​ការ​​នៅ​ស្រុកខ្មែរ​យើងសំរាប់​ឆ្នាំ២០១២៖

  • ០១ មករា- ទិវាចូលឆ្នាំសកល
  • ០៧ មករា- ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
  • ០៧ កុម្ភៈ- ពិធីបុណ្យមាឃបូជា
  • ០៨ មីនា- ទិវាសិទ្ធិនារី
  • ១៤ ១៥ ១៦ មេសា- ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
  • ០១ ឧសភា- ទិវាពលកម្មអន្តរជាតិ
  • ០៥ ឧសភា- ពិធីបុណ្យវិសាខបូជា
  • ០៩ ឧសភា- ពិធីបុណ្យច្រត់ព្រះនង័្គល
  • ១៣ ១៤ ១៥ ឧសភា- ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រករុណា​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
  • ០១ មិថុនា- ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា
  • ១៨ មិថុនា- ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ​សីហនុ
  • ២៤ កញ្ញា- ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ១៤ ១៥ ១៦ តុលា- ពិធីបុណ្យភ្ជុំបិណ្ឌ
  • ២៩ តុលា- ព្រះរាជពិធីគ្រងរាជសម្បត្តិ របស់ព្រះករុណា​សម្តេច​ព្រះបរមនាថ ​​នរោត្តម សីហមុនី
  • ៣១ តុលា- ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា​សម្តេច​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ សម្តេច​ព្រះបាទ​នរោត្តម សីហនុ
  • ០៩ វិច្ឆិកា- បុណ្យឯករាជ្យជាតិ
  • ២៧ ២៨ ២៩ វិច្ឆិកា- ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក​សំពះព្រះខែ
  • ១០ ធ្នូ- ទិវាសិទ្ធិមនុស្សអន្តរជាតិ

សរុបថ្ងៃឈប់សំរាក​ប្រចាំ​ឆ្នាំ សំរាប់ថ្ងៃបុណ្យជាតិមានចំនួន ២១ថ្ងៃ និង​បុណ្យ​អន្តរជាតិ​​មាន​ចំនួន ៥ថ្ងៃ។ ប្រសិន​បើ​ថ្ងៃឈប់​សំរាក​ទាំងនេះ ប៉ះ​ចំ​ថ្ងៃ​ឈប់​សំរាក​ចុង​សប្តាហ៍ទៀត នោះ​នឹង​មាន​ការ​ឈប់សង ដែលការ​ឈប់​សង​បែប​នេះ ខ្ញុំ​រាប់​ទៅ​នៅ​ឆ្នាំ២០១២ មានចំនួន ៦ថ្ងៃ​ថែមទៀត…។ ចំណែក​ថ្ងៃឈប់​សំរាក​ចុង​សប្តាហ៍​​(សៅរ៍-អាទិត្យ) ក្នុងឆ្នាំ២០១២ ខ្ញុំរាប់ទៅមាន​ចំនួន ១០៥ថ្ងៃ​។ ដូច្នេះ​ថ្ងៃ​ឈប់​សំរាក​សុទ្ធ​ប្រចាំ​ឆ្នាំ២០១២ មាន​ចំនួន​សរុប ១៣៧ថ្ងៃ…។ ដោយសារ​ឆ្នាំ២០១២ ឆ្នាំក្រោយ​ជាឆ្នាំបង្គ្រប់ (៣៦៦ថ្ងៃ) ហេតុនេះ​ចំនួន​ថ្ងៃ​ធ្វើការ​សរុប​នៅ​ស្រុក​យើង​គឺ៖ ៣៦៦ថ្ងៃ – ១៣៧ថ្ងៃ = ២២៩ថ្ងៃ  ។ នេះមិនទាន់​គិត​ថ្ងៃ​ឈប់សំរាក​ប្រចាំ​ឆ្នាំ​ (Annual Leave) ​របស់​បុគ្គល​ម្នាក់ៗ​ផង…។

គិតៗទៅ ស្រុកយើង​នៅ​ក្រ​នៅ​ឡើយទេ ដែល​ទាម​ទារ​អោយទាំងអស់​គ្នា​ ​មាន​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​​ទាំងយប់​ទាំងថ្ងៃ​ ទើប​បាន​ជាតិ​យើង​ក្លាយ​ជា​អ្នក​មាន​នឹង​គេទៅ​ថ្ងៃ​ក្រោយបាន… តែ​អោយ​ប្រឹង​យ៉ាង​ម៉េច បើ​ថ្ងៃឈប់សំរាក​នៅ​ស្រុក​​យើង​ គឺ​ស្មើ​នឹង​ ១ភាគ៣ នៃ​ចំនួន​ថ្ងៃ​​សរុប​ប្រចាំ​ឆ្នាំ​ទៅ​ហើយ​នោះ..??..!!.. គឺ​ងាកឈប់! ងាកសំរាក! អត់ស្វាង​សោះ… បើបែបនេះ យក​ល្អ​ គួរ​តែ​បន្ថែម​នូវ​ពាក្យស្លោក​​​មួយ​ឃ្លា​បន្ថែម​ទៀត​ទៅ​គឺ កម្ពុជា! រាជាណាចក្រ​ឈប់សំរាក..!! Cambodia… Kingdom of Holiday..!!

ស្រុកស្រែ

រូបភាព​ច័ន្ទគ្រាស (Lunar Eclipse) ​នៅ​ភ្នំពេញ..!!

នារាត្រីថ្ងៃ១៥កើតពេញបូណ៌មី ខែមិគសិរ ព.ស ២៥៥៥ ត្រូវនឹងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១១ នៅ​ភ្នំពេញយើង​ មានច័ន្ទគ្រាស (ចាស់ជាន់មុនថា រាហ៊ូចាប់ច័ន្ទ) គឺចាប់តាំង​ពី​ជិតពីរម៉ោង​មុននេះ​ម៉្លេះ… ឥឡូវនេះ​ម៉ោង ៩.៤០នាទីយប់ ម៉ោងក្នុងស្រុក… រាហ៊ូបានលេបព្រះច័ន្ទ​ចូលពោះ​ហើយ…​នៅរង់ចាំមើល តើក្អែរចេញមកវិញ ឬក៍ឆ្អែតជ្រុល​ធ្វើអោយ​បែក​ពោះ​ផូង​ដូច​តាជូជក់​ទៅ…

ច័ន្ទសូរគ្រាស

ច័ន្ទគ្រាសជិតផុត នៅម៉ោង ៩.៤០នាទីយប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១១

ស្រុកស្រែ

ហេតុអ្វីបានជា CTN ឈប់​ផ្សាយបន្ត​ផ្ទាល់​ពី​ដំណើរ​ការ​កាត់​ក្តី​ក្នុងសំណុំ​រឿង០០២?​

តាំងពី​ថ្ងៃអង្គារ៍ ក្នុង​អាទិត្យនេះ​ម៉្លេះ ទូរទស្សន៍ CTN បាន​ផ្អាក​ឈប់​ផ្សាយបន្តផ្ទាល់​​ពី​សវនាការ​សាលាក្តី​ខ្មែរក្រហម​​ ជា​កម្មវិធី​​ផ្សាយ​ពិសេស​ដូច​មុនៗ​​ទៀត​ហើយ… រឿង​ចំឡែក​ខុស​ប្រក្រតី​បែប​នេះ ​គឺ​ដំណាល​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៃ​មេ​ដឹកនាំ​​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​វៀត​ណាម គឺ​លោក ង្វៀន ភូជុង រយៈពេល​បីថ្ងៃ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង។

មានសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បានព្យាយាម​ទាក់ទង​​សួរ​ទៅ​អ្នក​ទទួល​ខុសត្រូវ​​របស់​ទូរទស្សន៍​ CTN, ទូរទស្សន៍​ជាតិកម្ពុជា, ក្រសួងព័ត៌មាន និង​សាលាក្តី​ខ្មែរក្រហម​ អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​មាន​ការ​ផ្អាក​លែង​ផ្សាយ​បន្ត​​ផ្ទាល់​​នេះ ប៉ុន្តែ​ពុំទទួល​បាន​នូវ​ការ​ពន្យល់​ច្បាស់​លាស់​ណាមួយ​ឡើយ លើក​លែង​តែ​ទូរទស្សន៍​ CTN ដែល​បាន​បញ្ជាក់​ថា ដោយ​សារ​មាន​ជាប់​រវល់​ក្នុង​កម្មវិធី​ផ្សេងទៀត..!!..??..

ក្នុងនាម​ខ្ញុំ​ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​បាន​ឆ្លង​កាត់​​ក្នុង​របប​វាល​ពិឃាត​នេះ​ដែរ​ គឺ​ខ្ញុំ​ចង់​ឃើញ​នូវ​កិច្ចដំណើរការ​​កាត់​ទោស​នេះ​តាម​ទូរទស្សន៍​ណាស់ ព្រោះ​ខ្ញុំ​មិន​មាន​ឳកាស​បាន​ទៅ​ចូល​រួម​ស្តាប់​ និង​ឃើញ​ដោយ​ផ្ទាល់​ទេ។ តាម​ខ្ញុំ​យល់ ប្រហែល​ជា​រដ្ឋាភិបាល​យើង ​មិន​ចង់​អោយ​បរិយាកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​​បក្សកុម្មុយនីស​វៀតណាមនេះ ត្រូវ​បាន​អ័ព្ទអួរ​ដោយ​សារ​សំដី​របស់​លោក​ នួនជា ដែលបាន​វ៉ៃប្រហារ​ធ្ងន់ៗ ចំៗ​ទៅលើ​ប្រទេស​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​​ចាក់​ទឹក​អត់​លិច និងយូរអង្វែង​របស់​កម្ពុជា​យើង​ហើយ…។​

ចឹង​ ក៍ចឹងចុះ… ធើម៉េច​បើបង​​អ្នកមាន​គុណ បាន​មក​លេង​ដល់​​​ផ្ទះប្អូន​សំឡាញ់​ទៅ​ហើយ​… ហេតុនេះ ដើម្បី​កុំអោយ​បង​ជាទីគោរព និងជាទីស្នេហា បានឮ​ពួក​អ្នក​ជាប់​ទ្រុង​​ស្រែក​ឡូឡា​ ជេរបញ្ចោរ​​ដល់​អ្នកមាន​គុណ នាំអោយ​លេប​បាយ​អត់​ចូល​… ​គឺ​មាន​តែ​​បិទ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​តែ​ម្តង​ទៅ…​បាន​ចប់​រឿង​ចប់​រ៉ាវ… តែ​ឥឡូវ​ អុងឡឺង​វៀតណាម ​គាត់ឌីញ៉ា ​ទៅ​ផ្ទះ​គាត់​វិញ​ហើយ… ហេហេ…​សង្ឃឹមថា​ ខ្ញុំ​នឹង​បាន​ស្តាប់​សំដីដោយ​ផ្ទាល់​របស់​លោក នួនជា, ខៀវសំផន, អៀងសារី… នៅ​ក្នុង​ដំណើរ​ការ​កាត់​ទោស​នេះ​ តាម​កញ្ចក់​ទូរទស្សន៍​ណាមួយ​ជាមិនខាន…។ សូមសង្ឃឹម​ទុក​ជា​មុន​ហើយ…។

ស្រុកស្រែ